រាជធានីភ្នំពេញ ៖
អ្នកនេសាទត្រីម្នាក់ ខណៈអុំទូកទៅដាក់មងនៅក្នុងបឹងមួយ ក៏បានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតនៅក្នុងទឹកបឹង ស្ថិតក្នុងស្ថានភាពហើមស្អុយទៅហើយ រួចក៏បានរាយការណ៍ប្រាប់លោកមេភូមិ ឲ្យផ្ដល់ដំណឹងដល់សមត្ថកិច្ចចុះទៅពិនិត្យ ។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្នុងទឹកបឹងឈូក តាមផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែរហូតដល់វេលាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៤ ទើបសមត្ថកិច្ចរកសពនោះឃើញ ។ ជនរងគ្រោះខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែល៣០ឆ្នាំជាង ហើយអត់មានពាក់អាវនោះទេ គឺស្លៀកតែខោលីអូមួយតែប៉ុណ្ណោះ ។
យោងតាមការបំភ្លឺប្រាប់សមត្ថកិច្ច ពីសំណាក់បុរសម្នាក់ឈ្មោះ ដុស ដែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នកនេសាទត្រី រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ថាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៨ល្ងាច រូបគាត់បានអុំទូកដាក់រាយមងត្រីដូចសព្វដង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណខាងលើ មានស្លៀកតែខោលីអូអណ្ដែតផ្កាប់មុខនៅក្នុងទឹក ។
បុរសនោះបានប្រាប់ទៀតថា ឃើញដូចនេះ រូបគាត់ភ័យពេក ក៏បានអុំទូកត្រលប់ទៅផ្ទះវិញ រួចក៏បានរាយការណ៍ប្រាប់មេភូមិព្រែកតាឡុង ឱ្យដឹងអំពីហេតុការណ៍នេះ ហើយរហូតដល់វេលាម៉ោង២២និង០០នាទីយប់ថ្ងៃដដែល ទើបឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ប៉ុន្តែរកមិនឃើញសពនោះឡើយ លុះព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានហៅ គាត់ ទៅធ្វើការសាកសួរបំភ្លឺនិងប្រាប់ពីចំណុចកើតហេតុ ទើបរកឃើញសាកសពបុរសនោះ ។
យោងតាមការធ្វើកោសល្យវិច័យសាកសព លទ្ធផលរកឃើញថា ជនរងគ្រោះ គឺស្លាប់ដោយសារលង់ទឹកមិនជាប់ពាក់ព័ន្ធនិងករណីអ្វីផ្សេងឡើយ ។ បន្ទាប់មក សមត្ថកិច្ចក៏បាននាំយកសាកសពជនរងគ្រោះខាងលើ ទៅតម្កល់ទុកនៅវត្តសំបួរមាសធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីទៅទទួលយកធ្វើបុណ្យតាមប្រពៃណី ៕