ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅប្រគល់ជូនកីឡាករ ប្រដាល់ថ្នាលគុនខ្មែរ ឡៅ ផាន់និត និងកីឡាករឡៅ ស៊ីណាត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង និង កីឡាករ ឡៅ កក្តដា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយរងរបួសធ្ងន់ធ្ងរ ពេលធ្វើដំណើរទៅចូលរួមកម្មវិធីប្រកួតកីឡាប្រដាល់ថ្នាលគុនខ្មែរនៅក្នុងភូមិនាពេលកន្លងមក ។
បន្ទាប់ពីធ្វើកិច្ចការងារសង្គមនាំយកថវិការរបស់សម្ដេចតេជោប្រគល់ជូនក្រុមគ្រួសារកីឡាកររងគ្រោះរួចមក ឯកឧត្តម ខូវ ឆាយ និងសហការរី បានបន្តទស្សនៈកិច្ច និងពិភាក្សាកិច្ចការងារកីឡាគុនខ្មែរ ជាមួយឧកញ៉ា ហេង តុលា ដែលម្ចាស់បុរីរស្មីបាត់ដំបងបន្តទៀត ដោយមើលឃើញពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងមានស្រាប់ ហើយសំបូរដោយក្លឹប និងធនធានកីឡាប្រដាល់គុនខ្មែរ ក្នុងខេត្តបាត់ដំបង និងតំបន់ជុំវិញផងនោះ ក្នុងនាមឯកឧត្តម ជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានពិភាក្សាជាឧកញ៉ា ហេង តុលា ជាម្ចាស់ទីតាំងផ្ទាល់ដើម្បីសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ឡើងវិញ នៅសង្វៀនស្ថិតក្នុងបុរីរស្មីបាត់ដំបង ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជារៀងរាល់សប្តាហ៍ ដែលជាការផ្តល់ឱកាសដល់កីឡាករកីឡាការិនីក្នុងមូលដ្ឋានខេត្តបាត់ដំបង និងតំបន់ជុំវិញ បានចូលរួមបង្ហាញសមត្ថភាព បង្កើនបច្ចេកទេស ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍នានាកំរិតជាតិ និងអន្តរជាតិ។ នៅមិនទាន់អស់នោះទេ ក្នុងបេសកម្មបណ្ដាខេត្តជាប់នឹងបឹងទន្លេសាបលើកនេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានបន្ត បានចុះសួរសុខទុក្ខ កីឡាករ ថ្នាលគុនខ្មែរ ឡៅ សម្បត្តិ ឈ្មោះពិត (ពេជ្រ មុនី) អាយុ០៩ឆ្នាំ ជាកីឡាកររបស់ក្លឹបប្រដាល់ ប្រាក់ រិទ្ធី គុនខ្មែរ ខេត្តបាត់ដំបង ដែលកំពុងសង្គ្រោះបន្ទាន់ វះកាត់របួសក្បាល និង បាក់ឆ្អឹងថ្គាម នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយ ពេលធ្វើដំណើរទៅចូលរួមកម្មវិធីប្រកួតកីឡាប្រដាល់ថ្នាលគុនខ្មែរនៅក្នុងភូមិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ខូវ ឆាយ ក៏បាននាំយកថវិកាជួយឧបត្ថម្ភរបស់ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន១០០០ដុល្លារ ប្រគល់ជូនដល់ជីដូនរបស់ក្មួយប្រុសរងគ្រោះដែលក្មេងកំព្រា រស់នៅជាមួយជីដូន ក្រោយឪពុកម្តាយបានធ្វើការលែងលៈគ្នាហើយនោះ ។
ជាចុងបញ្ចប់នៃបេសកម្ម មុនវិលត្រលប់មកភ្នំពេញវិញ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្ត ចុះសួរសុខទុក្ខនិង នាំយកនូវថវិកាមួយចំនួន និងសម្ភារៈហ្វឹកហាត់ព្រមទាំងអង្ករចំនួន២បេ (១០០គីឡូក្រាម) ជូនទៅដល់ក្លឹបប្រដាល់ប្រាក់រិទ្ធីគុនខ្មែរ ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង និងក្លឹបមនោរម្យភ្នំតូចគុនខ្មែរ ស្ថិតនៅខេត្តបន្ទាយមានជ័យ ។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានលើកទឹកចិត្តដល់ក្លឹបទាំងអស់ឲ្យខិតខំប្រមែរប្រមូលកៀងគរយុវជន យុវនារីដែលមានទេពកោសល្យ និងមានចំណូលចិត្តខាងវិស័យកីឡាប្រដាល់គុនខ្មែរចូលរួមហ្វឹកហាត់ឲ្យបានកាន់តែច្រើន និងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនធនធានកីឡាករ កីឡាការិនីបន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍ និងផ្សព្វផ្សាយវិស័យគុនខ្មែរឲ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនានា ដូចជាសមាគមសប្បុរសធម៌ "មេត្តា" និងក្រុមការងារ "គុនខ្មែរ ស៊ុបពើរហ្វៃត៍" ដែលតែងតែចូលរួមផ្តល់ជាសម្ភារៈ និងអង្ករដើម្បីឲ្យសហព័ន្ធចុះជួយទៅដល់ក្លឹបទាំងអស់កន្លងមក ។