កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរិ៍ចុងសប្ភាហ៍កន្លងទៅនេះ សម្រាប់គូមិត្តភាពអន្តរជាតិកម្ពុជាថៃ និងជាគូឯកប្រចាំកម្មវិធី កីឡាករ ហ៊ឹម គឹមរៀង និងកីឡាករថៃ ឡា ហ្វាន់ ធ្វើឡើងក្នុងទម្ងន់ ៥៧គីឡូក្រាម ប្រើហ្គង់ធម្មតា ។
កីឡាករ ហ៊ឹម គឹមរៀង ព្យាយាមដើរចូលបោះជង្គង់ជាច្រើនលើកច្រើនសារទៅលើ ឡាវហ្វាន់ ប៉ុន្តែក៏ត្រូវឡាហ្វាន់ទាត់កាត់វិញធ្ងន់ៗផងដែរ។ លុះចូលដល់ទឹកទី២ ហ៊ឹម គឹមរៀង ភ្លាត់ចូលមកដៃពេញមួយទំហឹងពីសំណាក់កីឡាករ ឡាហ្វាន់ ចំកណ្តៀតក្អមធ្វើឲ្យឆ្អល់ដួលក្រោកលែងរួច ក្រោយត្រូវអាជ្ញាកណ្តាលរាប់គ្រប់១០ ក៏ផ្តល់ជ័យជម្នះទៅឲ្យកីឡាករថៃតែម្តង ។
ចំណែកឯគូទី៤ ទម្ងន់ ៥៧គីឡូក្រាម ពាក់ហ្គង់ចេញម្រាម កីឡាករ ខាំ ចក្ររិន បានយកឈ្នះពិន្ទុទៅលើកីឡាករឡាវ ស៊ីង សុរិយា ក្រោយឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញអស់ ៣ទឹក។ រីឯគូទី៣ ទម្ងន់ ៦៣.៥គីឡូក្រាម ប្រើហ្គង់ចេញម្រាម ១គូទៀត កីឡាករ ធា នុរាជ បានយកឈ្នះពិន្ទុទៅលើកីឡាករ សំណាង សុខទី ។
ក្រៅពី ៣គូនេះ នៅមានគូថ្នាលទម្ងន់ស្រាល ៥១គីឡូក្រាមចំនួន ២គូទៀត ដោយគូទី២ លេងហ្គង់ចេញម្រាម កីឡាករ ឃន មហិទ្ធិរិទ្ធ បានយកឈ្នះពិន្ទុទៅលើកីឡាករ ថេន មានជ័យ ខណៈគូទី១ បើកឆាកកម្មវិធី ទម្ងន់ ៤៥គីឡូក្រាម ពាក់ហ្គង់ធម្មតា កីឡាករ ខាំ ចយ ចំណាយពេលត្រឹមតែ ១ទឹកប៉ុណ្ណោះ ពោលគេបានផ្តួលកីឡាករ ជុន សំអាន ឲ្យសន្លប់ដោយការប្រើរន្ទៈជើងទាត់ធ្ងន់ៗឡើងរបើកឃុំតែម្តង។
គួរបញ្ជាក់ថា កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ ប្រព្រឹត្តធ្វើឡើងរៀងរាល់ថ្ងៃសៅរិ៍ វេលាម៉ោង ៦ល្ងាចនៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ហើយបើកជូនបងប្អូនចូលទស្សនាដោយសេរី!