ខេត្តក្រចេះ ៖
ឯ.ឧ ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះនិងកម្លាំចម្រុះស្រុកព្រែកប្រសព្វ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោក ម៉ុក ពន្លង នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថាក្រុមងារងារ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ចំនួន០២ករណីរួមមាន៖ របាំងព្រួលសាច់រ៉ាវ ចំនួន១៩ខ្សែ ប្រវែង៩៥០ម ក្រឡាទំហំ៣ទៅ៥ស.ម(សង់ទីម៉ែត្រ), លបរ៉ាវចំនួន១៩គ្រឿង ក្រឡាទំហំ៣ ស.ម(សង់ទីម៉ែត្រ), របាំងព្រួលស្បៃមុង ចំនួន៣៦ខ្សែ ប្រវែង១៦២០ម៉ែត្រ, លូស្បៃមុងចំនួន៣៦មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន៧៨០ដើមនិងចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិទម្ងន់ប្រមាណ ២០០គក្រ ។
ជាមួយគ្នានេះផងដែរ ឯ.ឧ ទឹម បូរក្ស អនុរដ្ឋលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ អាំងវែកទ័រឆក់ត្រី ឧបករណ៍ស្បៃមុង សាច់អួនក្រលាញឹក និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗមួយចំនួនទៀត ដែលបង្កមហន្តរាយ និងបំផ្លិចបំផ្លាញធនធានជលផលរបស់យើង ឲ្យវិនាសអន្តរាយពីមួយថ្ងៃទៅមួយថ្ងៃនោះ។ សូមឲ្យបងប្អូនងាកមកចូលរួមថែរក្សា ការពារ និងអភិរក្ស ដើម្បីអោយធនធានរបស់យើងស្ថិតស្ថេរ គង់វង្ស យូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ៕