រាជធានីភ្នំពេញ ៖
បុរសជនជាតិចិនម្នាក់ បានធ្វើសកម្មភាពលួចរថយន្តពេទ្យ១គ្រឿងដែលជារបស់ជនជាតិខ្មែរជួលទៅឲ្យខាងមន្ទីរពហុព្យាបាលមួយកន្លែងនៅខេត្តព្រះសីហនុ ប្រើប្រាស់ រួចបើកឆ្លងកាត់រាជធានីភ្នំពេញទៅលក់នៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែរថយន្តអត់មានឯកសារហើយបិទឡូហ្គោពេទ្យទៀត ទើបអត់មានអ្នកហ៊ានទិញ ហើយបុរសនោះ ក៏បើកមកលក់នៅភ្នំពេញវិញ ចៃដន្យ ត្រូវបានម្ចាស់រថយន្តកំពុងតាមរកស្រាប់ផងប្រទះឃើញ ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។
ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅម្ដុំយានដ្ឋានជួសជុលរថយន្តចិនមួយកន្លែង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ LIN GUOTAI (លីន ហ្គូតៃ) ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E89624285 ។ ជនជាតិចិនរូនេះ ជាបុគ្គលិកនៅក្នុងមន្ទីរពហុព្យាបាលចិនគ្មានយីហោមួយកន្លែងខាងលើ ស្ថិតនៅឯខេត្តព្រះសីហនុ ហើយ ខឹងថៅកែបញ្ឈប់ការងារ ទើបលួចរថយន្តពេទ្យ១គ្រឿងម៉ាក Toyota Alphard (តូយ៉ូតា អាល់ហ្វាត) ពណ៌ស ឆ្នាំផលិត២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2BE-8966 ។
រថយន្តនេះ គឺជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ឈ្មោះ គឹប សុផល អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកគ្រប់គ្រង មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានជួលទៅឲ្យមន្ទីរពហុព្យាបាលខាងលើ រយៈពេលជិត២ឆ្នាំមកហើយ ក្នុង១ខែថ្លៃ៧០០ដុល្លារ ។ ពេលនេះ នគរបាលកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការជនជាតិចិនរូបនោះតាមច្បាប់ហើយ ៕