រាជធានីភ្នំពេញ ៖
រថយន្តម៉ាក ហ៊ីណូ ធុនធំដឹកឈើនិងក្ដារបន្ទះក្រុមហ៊ុនចិន១គ្រឿង បានបើកបរលឿនវ៉ាជែងរថយន្ត៥៧០មួយគ្រឿង របស់តារាកំប្លែងនាយពែក មី ហើយគេចជង្ហុកលើផ្លូវ វ័ធកន្ទុយកៀររថយន្តនាយពែក មី នោះបណ្ដាលឲ្យរងការខូចខាតបែកចង្កៀងនិងក្រពឹតថ្ពាល់ព្រមទាំងឆ្កូតកាងទាំងព្រឹកតែម្ដង ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចជិតផ្លូវរថភ្លើងខ្សែភ្នំពេញ-បាត់ដំបង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស LX-570 KURO ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា PEKMI 007 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ ដែលរថយន្តនោះ ត្រូវបានគេស្គាល់ថា ជារបស់តារាកំប្លែងនាយពែក មី ហើយ ដឹកក្រុមតួសម្ដែង ទៅថតសម្ដែងនៅលើផ្លូវល្បឿនលឿន ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ចំណែកនាយពែក មី ជិះរថយន្តផ្សេងទៀតជាមួយប្រពន្ធរបស់គាត់ ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-8112 ដឹកឈើនិងក្ដារកុងផ្លាកេ របស់ក្រុមហ៊ុនចិន បើកបរស្របគ្នាទៅពីក្រោយ វ៉ាជែងខាងឆ្វេងរថយន្តនាយពែក មី ។ បន្ទាប់មក គេចជង្ហុក បណ្ដាលឲ្យកន្ទុយរថយន្តធុនធំនោះ វ័ធកៀររថយន្តនាយពែក មី បែកចង្កៀងមុខនិងក្រពឹតថ្ពាល់មួយចំហៀងខាងឆ្វេងតែម្ដង ។
ពេលនោះអ្នកបើកបររថយន្តបង្ក មិនបានឈប់មើលនោះទេ បានបន្ថែមល្បឿនរត់គេចេញពីកន្លែងកើតហេតុ ហើយ ក្រុមនាយពែក មី បាននាំគ្នាដេញតាម រហូតដល់ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ទើបឃាត់បាន ខណៈនោះនាយពែក មី អត់ជិះក្នុងរថយន្ត៥៧០នេះទេ គឺរថយន្តនេះដឹកតួសម្ដែងក្រុមរបស់គាត់ទេ ចំណែកគាត់និងប្រពន្ធជិះរថយន្តផ្សេងទៀត ។
ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា បន្ទាប់មក នាយពែក មី រួមទាំងក្រុមរបស់គាត់បានចាកចេញទៅថតសម្ដែងជាធម្មតា ដោយទុកអ្នកបើកបររថយន្តនិងតំណាងឲ្យនៅដោះស្រាយ ដោយតំណាងនោះប្រាប់ថា បើជួសជុលអស់ជាង១ពាន់ដុល្លារ ។ ប៉ុន្តែនាយពែក មី ទារសំណងត្រឹមតែ៦០០ដុល្លារប៉ុណ្ណោះ ហើយរហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះ ទើបត្រូវរ៉ូវគ្នាក្នុងតម្លៃ៤០០ដុល្លារ ៕