កន្លងមក តារាចម្រៀងស្រីសិចស៊ីប្រចាំប្រទេសថៃ ក្រាតែ អាស្យាម ធ្លាប់បង្ហើបប្រាប់មហាជនឱ្យដឹងតាមរយៈសារពត៌មានក្នុងស្រុកថា នាងបាននឹងកំពុងធ្វើការស្វែងយល់ចិត្តគ្នាជាមួយបុរសម្នាក់ ប៉ុន្តែនៅក្នុងការផ្តល់បទសំភាសន៍នោះ នាងមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសម្នាក់នោះឡើយ ។

ដោយឡែកកាលពីថ្ងៃទី 16 ខែកញ្ញា កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើការអបអរគំរប់ខួប 11 ឆ្នាំ នៃការទាក់ទងគ្នាជាមួយបុរសអាថ៌កំបាំងរូបនោះ នៅភោជនីយដ្ឋានទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ។ ទន្ទឹមនឹងការអបអរគំរប់ខួប 11 ឆ្នាំនេះ ស្រាប់តែមហាជនអ្នកគាំទ្របានដាក់ការសង្ស័យថា បុរសអាថ៌កំបាំងដែលជាមិត្តប្រុសរបស់តារាស្រីរូបនេះ គឺជាអ្នករាំផ្ទាល់ខ្លួនរបស់នាង ព្រោះយោងតាមការបង្ហោះរូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ គឺសង្កេតឃើញថា ពួកគេបានស្ថិតនៅទីតាំងតែមួយ ព្រមទាំងបានសរសេរ Caption អបអរគំរប់ខួប 11 ឆ្នាំ ដូចគ្នាថែមទៀតផង ។

យ៉ាងណាមិញ ទោះបីជាពួកគេមិនទាន់បង្ហាញជាសាធារណៈពីទំនាក់ទំនងល្អលើសពីអ្នកចម្រៀងនិងអ្នករាំក៏ពិតមែន ក៏មហាជនអ្នកគាំទ្របានដាក់ការសង្ស័យរួចបាត់ទៅហើយ ថាពួកគេកំពុងលួចទាក់ទងគ្នាបែប Private ៕