ខេត្តត្បូងឃ្មុំ ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តបាឡែន និងរថយន្តហ៊ីយ៉ាន់ដាយវេអង បណ្ដាលឲ្យស្លាប់បាត់បងជីវិតម្នាក់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វេលាម៉ោង ១៩និង៣៤នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៤ ។

លោក ឡាយ ឧត្តម ស្នងការរងផែនអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាម៉ារី(បាឡែន) ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 2A-3998 បើកបរដោយឈ្មោះទុំ សុខហេង ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិជីពាង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់នៅនិងកន្លែងកើតហេតុ បានបើកក្នុងល្បឿនលឿន រេចង្កូតទៅបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយវេអង (V1) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3B:0073 សណ្ដោងស៊ឺមីរ៉ម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 4A:0945 បើកបរដោយឈ្មោះស៊ឺន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ (គ្មានរបួស) ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ខាងសមត្ថកិច្ចជំនាញ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។

យោងតាមការសម្រេចរបស់លោក គង់ រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះស៊ឺន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយវេអង សណ្តោងរ៉ឺម៉ក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕