រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីម៉ូតូដឹកសាច់ជ្រូកយកទៅឲ្យម៉ូយ ទាក់ដៃចង្កូតនិងរថយន្តដឹកប្រេង បណ្ដាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្ត កិនចំក្បាល ហើយរថយន្តបង្ក ព្យាយាមបើករត់ តែត្រូវពលរដ្ឋនិងសមត្ថកិច្ចប្រដេញតាមឃាត់បាន ។
ហេតុការណ៍ខាងលើនេះដែរ បង្កការភ្ញាក់កាលពីវេលាម៉ោង៣:៣០នាទីភ្លឺឈានចូលថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៤ ចំណុចទល់មុខវត្តស្ទឹងមានជ័យ ស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-1017 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ា កហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1G-4749 ជិះដោយបុរសរងគ្រោះម្នាក់ ធ្វើដំណើរស្របទិសគ្នាពីលិចមកកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុ ពុំដឹងថាយ៉ាងណានោះទេ ក៏បានប៉ះជាមួយនិងរថយន្ត ធ្វើឲ្យម៉ូតូដួលចូលក្រោមកង់រថយន្ត កិនចំក្បាល ស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់ ។
ភ្លាមនោះដែរ រថយន្តក៏ព្យាយាមបើករត់រហូតដល់វិទ្យាល័យជាស៊ីមសាមគ្គី ក៏ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចគាត់បាន។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ ៕