រាជធានីភ្នំពេញ ៖
កូនភ្លោះ២នាក់ ជិះម៉ូតូទៅកាត់សក់ ត្រូវក្រុមក្មេងទំនើងតាមធាក់ រួចវាយនិងគប់ដុំឥដ្ឋទៅលើ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងជិតម្ដុំភ្លើងស្តុបផ្សារថ្នល់បត់ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះ១ថ្ងៃក្រោយមក នគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនជនដៃដល់បាន ០៤នាក់ នាំទៅសាកសួរ ហើយ បានបញ្ជូនជនដៃដល់ខាងលើទៅកាន់តុលាការ នៅវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
បងប្អូនភ្លោះរងគ្រោះខាងលើនោះ ម្នាក់ឈ្មោះនឿន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ចុងភៅ និងម្នាក់ទៀតឈ្មោះ នឿន ដាវីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងធ្វើធ្មេញសិប្បនិម្មិត មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាល ក៏បានដកហូតម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១JP-1732លេខតួ និងលេខម៉ាស៊ីន8109163 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព វាយលើជនរងគ្រោះ ។
យោងតាមរបាយការណ៍នគរបាល បានឲ្យដឹងថាកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ជនរងគ្រោះទាំង២នាក់បងប្អូនភ្លោះ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KR-០៤០៨ ចេញពីផ្ទះដើម្បីទៅកាត់សក់ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែក្មេងទំនើង១ក្រុមខាងលើ មានគ្នា១០នាក់ ជិះម៉ូតូ០៤គ្រឿង មិនចាំម៉ាក ធ្វើសកម្មភាពធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ។ បន្ទាប់មក បានយកដុំឥដ្ឋ គប់មកលើជនរងគ្រោះ និងយកមួកសុវត្ថិភាព វាយទៅលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ នឿន ដាវីត រងរបួសបែកក្បាលផ្នែកខាងក្រោយ និងឈ្មោះ នឿន ដាវីន រងបួសដាច់រលាត់លើកែងដៃខាងឆ្វេង,កែងជើងខាងឆ្វេង និងពកក្បាលផ្នែកខាងមុខ ហើយខូចម៉ូតូផ្នែកខាងមុខ និងផ្នែកចំហៀងទាំងសងខាង ។
បន្ទាប់មក ស្រ្តីជាម្ដាយ បាននាំកូនទៅដាក់ពាក្យប្ដឹងសុំអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។ ក្រោយពេលទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវជាបន្តបន្តាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៤នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង ៕