ខេត្តកណ្តាល ៖ 

សមត្ថកិច្ច បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ទាំងយប់  ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ត្រូវ ចំនួន០២ពូថៅ និងជនរងគ្រោះម្នាក់ទៀតដែលចូលឃាត់ ត្រូវ០៣ពូថៅ ព្រោះខឹងផឹកស្រា ហើយ ច្រៀងខារាអូខេ ។  ហេតុការណ៍ហិង្សាខាងលើ កើតឡើងនៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នៅចំណុចផ្ទះរបស់ឈ្មោះ គ្រៀល សោភា ស្ថិតក្នុងភូមិ វាលត្រែង ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា÷ ជនរងគ្រោះមានចំនួន០២នាក់៖

១-ឈ្មោះ ហ៊ឺ ហ៊ាប ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  រងរបួសចង្កាខាងឆ្វេង និងរបួសផ្នែកក្បាលយ៉ាងធ្ងន់, ២-ឈ្មោះ ចយ រ៉ាដា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកសិករ របួសចំថ្ងាស់.ចំមេដៃខាងស្តាំ និងកែងដៃខាងស្តាំធ្ងន់ធ្ងរ។ ចំណែកជនសង្ស័យ មានឈ្មោះ គ្រៀល ថ្មី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ដែលទាំងជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ ។ ចំពោះវត្ថុតាងចាប់យក មាន៖ -ពូថៅចំនួន១ដើម និង ផ្លែដែកដងធ្វើអំពីឈើ ។

លោកអធិការ បានឲ្យដឹងទៀតថានៅវេលាម៉ោងកើតហេតុខាងលើ  ជនរងឈ្មោះ ហ៊ឺ ហ៊ាន និង ឈ្មោះ ចយ រ៉ាដា បាននាំគ្នាផឹកស្រាបណ្តូលពេជ្រអស់ចំនួន០១លីត្រ រួចបាននាំគ្នាច្រៀងខារ៉ាអូខេលេង។ ខណៈពេលនោះ ជនសង្ស័យ បានស្រែកឡូឡានិងនិយាយស្តីតែម្នាក់ឯង រួចបានដើរចេញពីផ្ទះដែលនៅជិតនោះ ដោយមានកាន់ពូថៅ មកជាមួយផង បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ហ៊ឺ ហ៊ាន ចំនួន០២ពូថៅ ត្រូវចំក្បាល និងចង្កាបណ្តាលឲ្យរបួសធ្ងន់រួចហើយ  ឈ្មោះចយ ដារ៉ា បានចូលទៅឃាត់ ស្រាប់តែជនសង្ស័យ បានកាប់ទៅលើឈ្មោះ ចយ រ៉ាដាចំនួន ០៣ពូថៅទៀត ត្រូវចំថ្ងាស់.ចំមេដៃខាងស្តាំ និង កែងដៃខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ ។

ពេលធ្វើសកម្មភាពរួច ឈ្មោះ គ្រៀល ថ្មី បានរត់ឡើងទៅផ្ទះរបស់ខ្លួនវិញ ចំណែកជនរងគ្រោះទាំង០២នាក់ ត្រូវបានបងប្អូននិងក្រុមគ្រួសារ ដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ ។ ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងប្រជាការពារ.តាលន់ .ត្រើយស្លា ស្វាយប្រទាល ខ្ពប និង ព្រែកគយ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានយកពូថៅកាប់ទៅលើជនរងគ្រោះទាំងពីរនាក់ពឹតប្រាកដមែន។ សូមបញ្ជាក់ ជនសង្ស័យធ្លាប់មានបញ្ហាខួរក្បាល ហើយ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី  ៕