រាជធានីភ្នំពេញ ៖
ស្រ្តីម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯចៅស្រី បានរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ខណៈពរចៅដើរឆ្លងផ្លូវ ត្រូវរថយន្តម៉ាក ford ranger បើកមកលឿន បុកពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្លូវ អូស៊ី អាយស៊ី ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពស្រ្តីរងគ្រោះ មានឈ្មោះ ស សារេន អាយុ៤៥ឆ្នាំ មុខរបលក់ដូរ មានស្រុកកំណើតនៅភូមិទ្រារ ឃុំឈើរកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ បានពរចៅស្រី ដើរឆ្លងផ្លូវ អូស៊ីអាយស៊ី ក្នុងទិសដៅពីកើតមកលិច ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក ford ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-3081 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវអូស៊ី អាយស៊ី ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ។
ខណៈពេលបើកមកដល់ចំណុចកើតហេតុមិនបានមើលមុខ ក៏ជ្រុលទៅបុកស្រ្តីរងគ្រោះ និងចៅស្រី ប៉ើងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្រ្តីរងគ្រោះបោកក្បាលនៅនិងផ្លូវស្លាប់ភ្លាមៗ ចំណែកឯចៅស្រីវិញ បានរងរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តសាមុយទៅសង្រ្គោះភ្លាមៗផងដែរ រីឯ បុរសជាអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលព្រែកតាសេក សួរនាំបន្ត ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សារទុកជាបណ្តោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕