រាជធានីភ្នំពេញ ៖
ក្មេងទំនើងមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវនិងដំបង ចូលមកវាយទៅលើក្រុមដឹកជញ្ជូនម្អូបអាហារ បណ្ដាលឲ្យម្នាក់ ដែលកំពុងអង្គុយនៅមុខហាងមួយកន្លែង រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍ខាងលើ បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីយុវជនរងគ្រោះ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគេនាំគ្នាអង្គុយលេងនៅក្បែរភោជនីយដ្ឋានមួយកន្លែង រង់ចាំដឹកម្ហូបអាហារ ទៅឲ្យភ្ញៀវ ។ ក្រោយមក ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុមមិនស្គាល់មុខ ជិះម៉ូតូមកជាច្រើនគ្រឿងប្រដាប់ដោយដាវដំបងនិងដុំថ្ម បានចូលទៅវាយជនរងគ្រោះ និងគប់ដុំថ្មប្រតាយប្រតប់គ្នាផ្អើលពេញផ្លូវ ធ្វើឲ្យភាគីខាងដឹកជញ្ជូនម្ហូបអាហារម្នាក់ រងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ក្រោយពីបង្កបញ្ហារួច ភាគីបង្ក បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
បន្ទាប់មក ក៏ឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុភ្លាមៗផងដែរ ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏ឲ្យភាគីរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីធ្វើការស្រាវជ្រាវរកជនបង្ក ដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់ ៕