តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មថោន អ្នកនាង សុវត្តិឌី ធារិកា ដែលទស្សនិកជនភាគច្រើនបានស្គាល់អ្នកនាងតាមរយៈការប្រលងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី1 និងតាមរយៈបទចម្រៀងល្បីៗជាច្រើន ហើយមិនតែប៉ុណ្ណោះអ្នកនាងថែមទាំងអាចច្រៀងចម្រៀងបែបមរតកដើមបានយ៉ាងពីរោះរណ្តំផងដែរ។ ថ្វីត្បិតថាជាតារាស្រីដែលមានភាពវ័យក្មេងនៅក្នុងវិស័យនេះក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលលក្ខណៈសម្បត្តិរូបរាងខាងក្រៅឃើញថា ពិតជាតារាដែលមានរូបរាងដ៏ស្រស់ស្រលូន ស្អាតសាកសមជាតារាក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរពិតមែន ។ 

យ៉ាងណាមិញ មហាជនជាច្រើនបានងាកមកចាប់អារម្មណ៍អ្នកនាង បន្ទាប់ពីមានការបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរូបភាពទាំងនោះគឺជារូបភាពដែលបានថតនៅខេត្តសៀមរាបក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ។ ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ប្រាង្គប្រាសាទខ្មែរ រួមទាំងសម្រស់របស់តារាស្រីរូបនេះទៀតសោត បានធ្វើឱ្យរូបភាពទាំងនោះគឺពិតជាទាក់ទាញអារម្មណ៍ឱ្យចង់ទៅកម្សាន្តនៅតំបន់អច្ឆរិយនោះជាខ្លាំង។ ស្របពេលជាមួយគ្នានេះ អ្នកនាង សុវត្តិឌី ធារិកា ក៏បាននិយាយពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “មិនងាយបានមកថតរូប នូវសំលៀកបំពាក់ប្រពៃណីខ្មែរបែបនេះពីមុនមកទេ” ។ 

គួរបញ្ជាក់ថា បន្ទាប់ពីតារាស្រីរាងតូចច្រឡឹង សុវត្តិឌី ធារិកា លាភាពនៅលីវដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ពូ សូផានិត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អ្នកនាងហាក់មិនសូវបង្ហើរសំនៀងតាមរយៈបទចម្រៀងថ្មីៗរបស់ខ្លួនឡើយ ៕