កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកម្មវិធីបោះជំរុំហ្វឹកហាត់កីឡាវាយកូនបាល់យុវជនក្រោមអាយុ១៤លើកដំបូង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៣ថ្ងៃ មុនព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ATF Asian 14 Junior Championship 2024 កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ ដំណើរការប្រកួតផ្លូវការពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤ នេះជាការបញ្ជាក់ ពីអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ ។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានគូសបញ្ជាក់ទៀតថា ការដែលកម្ពុជាទទួលបានសេចក្តីទុកចិត្តពីសហព័ន្ធកីឡាវាយកូនបាល់អាស៊ីឱ្យទទួលធ្វើជាម្ចាស់ផ្ទះ កម្មវិធីបោះជំរុំហ្វឹកហាត់ កីឡាវាយកូនបាល់ក្រោមអាយុវ១៤ឆ្នាំលើកទី១នេះ ដោយសាតែសហព័ន្ធកីឡាវាយកូនបាល់អាស៊ីមើលឃើញប្រទេសកម្ពុជា មិនមានបញ្ហានយោបាយអ្វីដែលធ្វើឱ្យប្រទេសអសន្តិសុខកើតឡើង ជាការព្រួយបារម្ភដល់សុវត្ថិភាពកីឡាករកីឡាការិនី ពោល គឺកម្ពុជាមានសុខសន្តិភាព។ លោកថា កម្មវិធីបោះជំរុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ និងបញ្ចប់នៅថ្ងៃទី៦ ខែកញ្ញា ដោយមានកីឡាករយុវជនក្រោមអាយុ១៤ឆ្នាំ២៤នាក់ និងកីឡាការិនីអាយុក្រោម១៤ឆ្នាំ២៤នាក់ ដែលអញ្ជើញមកពី១៦ប្រទេស ក្នុងតំបន់អាស៊ី ។

កីឡាករ ភ័ស្ក រតនៈ កីឡាករវាយកូនបាល់កម្ពុជា អាយុក្រោម១៤ បានបង្ហាញរម្មណ៍រីករាយសប្បាយចិត្ត បន្ទាប់ពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្តល់ឱកាសឱ្យចូលរួមនៅក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ជាមួយយុវជនអន្តរជាតិយ៉ាងច្រើននេះ។ ភ័ស្ក រតនៈ អះអាងថា នឹងចាប់យកកម្មវិធីបោះជំរុំដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ីនេះ ជាពង្រឹងអភិវឌ្ឍន៍សមត្ថភាពឈានទៅរកសក្កានុពលក្នុងការប្រកួតប្រជែងតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍ ATF Asian 14 Junior Championship 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ ។

គួរឱ្យដឹងដែរថា កម្មវិធីបោះជំរុំហ្វឹកហាត់ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ីប្រគល់សិទ្ធិឱ្យប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ មាន១៦ប្រទេសចូលរួម ដោយមានផ្នែកបុរស២៤នាក់ ក្នុងនោះមានកីឡាករកម្ពុជា១រូប ភ័ស្ក រតនៈ ខណៈដែលផ្នែកនារី មាន២៤នាក់ ៕