បន្ទាយមានជ័យ ៖ 

គ្រឿងញៀនជាង៤សែនគ្រាប់ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបានតម្រួតថៃចាប់បាននៅវេលាម៉ោង៦.៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវប្រទេសថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងកម្ពុជា ។

ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖មុនពេលតម្រួតថៃ ឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់វ៉ាលី របស់ខ្លួន យកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។ 

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា នៅពេលលើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នា មកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា ក៏បើកមើលឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់តម្រួតថៃចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃ ដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទាប់ពីនិយាយជាមួយកម្មករអូសរទេះហើយ ក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុន បាត់ស្រមោលតែម្តង ។

ប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ថ្នាំញៀន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៤សែនគ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់ ៕