តារាចម្រៀងសំនៀងផ្អែមដែលមហាជនបានដាក់រហ័សនាមថាជារាជនីសម្លេងមាសប្រចាំប្រទេសកម្ពុជា អ្នកនាង ម៉េង កែវពេជ្ជតា កាលពីថ្ងៃទី 15 ខែកញ្ញាកន្លងទៅថ្មីៗនេះ បានបញ្ចេញ Teaser បទចម្រៀងថ្មីមួយក្រោមចំណងជើងថា “ចាប៉ីផ្អែម”។ ទន្ទឹមនឹងការបង្ហោះ Teaser បទ “ចាប៉ីផ្អែម” តារាចម្រៀងស្រីរូបនេះបានរៀបរាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនទាក់ទងនឹងអូនផ្អែមដែលជាកូនស្រីពៅយ៉ាងដូច្នេះថា “អូនផ្អែម ជាម្ចាស់សំនៀងចាប៉ីដងវែងបទ " ចាប៉ីផ្អែម " នាងបានប្រាប់ម៉ាក់ពេជ្ជតាថា នាងចង់ចូលរួមលើកតម្កើងតម្លៃសិល្បៈវប្បធម៌ដូនតាខ្មែរជាមុន បន្ទាប់មកចាំនាងគាំទ្រសិល្បៈវប្បធម៌បរទេសក៏មិនយឺតពេលដែរ។ សំខាន់នាងកំពុងបានជួយគាំទ្រនិងជួយបង្ហាញស្នាមញញឹមពីកម្ពុជាទៅកាន់ពិភពលោកហើយ ចំណែកអ្នកវិញ?”។ បន្ទាប់ពីអ្នកគាំទ្របានដឹងថាស្នាដៃនៃការលេងចាប៉ីដងវែងគឺជារបស់អូនផ្អែម ពួកគេបាននាំគ្នាសរសើរនូវទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ក្មេងស្រីដែលមានឈាមជ័រជាអ្នកសិល្បៈរូបនេះជាហូរហែ ។
គួររំលឹកថា បទ “ចាប៉ីផ្អែម” របស់អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមតែជាបទមួយដ៏មានអត្ថន័យពីរោះរណ្តំប៉ុណ្ណោះទេ នៅក្នុងបទនេះទាំងមូលថែមទាំងបានរំលេចនូវសម្លេងចាប៉ីដងវែងផងដែរ ដែលជាឧបករណ៍ភ្លេងខ្មែរកំពុងប្រឈមនឹងការបាត់បង់នៅក្នុងសកលភាវូបនីយកម្មដែលមានការវិវត្តទៅមុខឥតឈប់ឈរបែបនេះ។ បទនេះទៀតសោត ក្រៅពីបានជួយលើកស្ទួយនូវឧបករណ៍ភ្លេងខ្មែរហើយនោះ ថែមទាំងបានជួយក្រើនរំលឹកដល់យុវជនជំនាន់ក្រោយឱ្យស្គាល់កាន់តែច្បាស់នូវឧបករណ៍បុរាណមួយនេះថែមទៀតផង ៕