រាជធានីភ្នំពេញ ៖ 

រថយន្ត២គ្រឿងបើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តមួយគ្រឿង ជ្រុលចង្កូតបុកទម្លុះចូលរបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៥៥នាទីយប់ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្លូវ២១៤កែងផ្លូវ៥១ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន។ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្របពេលនោះមានរថយន្តមួយគ្រឿងទៀត ម៉ាក ALPHARD ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-1877 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ALPHARD រេចង្កូតជ្រុលទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ។

ក្រោយកើតហេតុខាងលើ ដោយភាគីសងខាង សម្រួលគ្នាមិនត្រូវ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សារទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕