ខេត្តត្បូងឃ្មុំ ៖ 

មានករណីក្រុមក្មេងទំនើង ១ ក្រុម បានធ្វើសកម្មភាពជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយដាវ និងកាំបិត ចូលកាប់បំផ្លាញម៉ូតូ ក្នុងហាងកាហ្វេ ១ កន្លែង យីហោឈ្មោះ នីកា កាហ្វេ ស្ថិតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាល្ងាចម៉ោងជាង៦ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ បណ្តាលឲ្យខូចខាតម៉ូតូអស់ចំនួន ៤ គ្រឿង (ម៉ូតូអ្នកចូលផឹកកាហ្វេ) ។ សមត្ថកិច្ច បានឲ្យដឹងថាពេលធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងបានជិះម៉ូតូគេចខ្លួន ។

ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលស្រុកមេមត់ បានដេញតាមដោយកម្លាំងកងរាជអាវុធហត្ថស្រុក បើករថយន្តដេញតាមទាន់ក្រុមក្មេងទំនើង នៅចំណុចភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ឃាត់បានចំនួន ៤ នាក់ ។

សមត្តកិច្ច បន្តថា ក្មេងទំនើងដែលឃាត់ខ្លួនបាន៖ ១.ឈ្មោះ យ៉ា សូនី ភេទប្រុស អាយុ ១៦ ឆ្នាំ ជាតិ ខ្មែរ ឥស្លាម, ២.ឈ្មោះ ហ៊ីម វ៉េហ៊ីតុង ភេទប្រុស អាយុ ១៨ ឆ្នាំ ជាតិខ្មែរ ឥស្លាម, ៣.ឈ្មោះ អូស្មាន ហារីហ្វីន ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ ឥស្លាម និង ៤.ឈ្មោះ គ្រីម រូមី ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ ឥស្លាម រស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំណែកបក្សពួកផ្សេងទៀតរត់គេចខ្លួនអស់ ។

សមត្ថកិច្ច ក៏បន្ថែមទៀតថានៅក្នុងពេលចុះបង្ក្រាបនោះ មានប្រជាពលរដ្ឋរស់នៅភូមិព្រែកពួយ (ខ្មែរ ឥស្លាម) ប្រហែល ១៥០ នាក់ បានហាមឃាត់ និងព័ទ្ធកម្លាំងសមត្ថកិច្ច មិនឲ្យនាំជនសង្ស័យខាងលើមកសួរនាំទេ។ ពេលនោះ លោកឧត្តមសេនីយិ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូឃ្មុំ និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រើនីតិវិធីជាបន្តបន្ទាប់ ទើបនាំជនសង្ស័យទាំង ៤ នាក់ខាងលើបាន ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ខាងលើ នាំយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធី ៕