៣ថ្ងៃក្រោយគោព្រៃចាញ់ស្រីលង្កាដោយបាល់កាត់ក្តីប៉េណាល់ទី អស់ឱកាសទៅវគ្គបន្ត AFC Asian Cup 2027 ថ្នាក់ដឹកនាំ FFC បានប្រកាសបញ្ចប់កិច្ចសន្យាលោក Felix ពីតំណែងគ្រូបង្វឹកតែម្តង ទោះនៅសល់កិច្ចសន្យា២ឆ្នាំទៀត។ គ្រូបង្វឹកជប៉ុនលោក Koji Gyotoku ដែលដឹកនាំក្រុមយុវជន ត្រូវជំនួសលោក Felix បណ្តោះអាសន្ន ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបញ្ចប់តួនាទីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ធ្វើឡើងក្រោយមានការសម្រេចពីគណកម្មការប្រតិបត្តិ FFC ទាំង១១រូប ដោយផ្អែកលើលទ្ធផលការប្រកួតកន្លងមក ។
យ៉ាងណាមិញ ការតែងតាំងលោក Koji Gyotoku ជាគ្រូបណ្តោះអាសន្នភ្លាមៗ ដោយសារ FFC មិនអាចរកគ្រូមកជំនួសទាន់ពេល ស្របពេលក្រុមឈុតធំ មានការប្រកួតច្រើនបន្តបន្ទាប់ ចាប់ពីខែតុលាទៅ។ តាមពិតទៅគ្រូជប៉ុន Koji ជាប់ភារកិច្ចសំខាន់ក្នុងការដឹកនាំ U17 កម្ពុជា ប្រកួតវគ្គជម្រុះ AFC U17 Asian Cup 2025 ក្នុងនាមជាម្ចាស់ផ្ទះនាខែតុលាផងដែរ ។ ដោយសារការប្រកួតជម្រុះ AFC U17 Asian Cup និង ASEAN Cup ត្រូវធ្វើនៅខែតុលា ព្រមគ្នា លោក Koji នៅមិនទាន់ប្រាកដថា ត្រូវដឹកនាំក្រុម U17 ឬក៏អត់ទេ ដោយត្រូវរង់ចាំការពិភាក្សារគ្នាថែមទៀត ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្តថា អំឡុងពេល គ្រូជប៉ុន វ័យ៥៩ឆ្នាំ ដឹកនាំបណ្តោះអាសន្ន ស្ថាប័ន FFC នឹងពិនិត្យមើល និងស្វែងរកគ្រូមកជំនួសកន្លែងរបស់លោក Felix បើចង់ចែចូវយកគ្រូកម្រិតល្អបាន លុះត្រាគ្រូនោះចង់មកបង្ហាត់ក្រុមកម្ពុជាដែរ ។ សូមបញ្ជាក់ថា U17 កម្ពុជា នឹងប្រកួតវគ្គជម្រុះ AFC U17 Asian Cup 2025 ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។ ម្ចាស់ផ្ទះកម្ពុជា ស្ថិក្នុងពូល B ជាមួយ អាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលីពីន និងម៉ាកាវ។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួត ក្រុមឈុតធំ នឹងទទួលស្វាគមន៍ឆាយន្នីសតៃប៉ិ នៅថ្ងៃទី១១ ខែតុលា មុនធ្វើដំណើរទៅជួបហុងកុង នៅថ្ងៃទី១៥ ខែតុលា។ ដោយឡែក ASEAN Cup នឹងធ្វើឡើងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ ៕