លោក កែវ សំណាង គ្រូបង្វឹកនៅក្លឹបខេត្តកោះកុង ថាវត្តមានគ្រូធំម្ចាស់មេដាយមាសពិភពលោកទៅបង្ហាត់ផ្ទាល់នៅខេត្តកោះកុងលើកនេះជំរុញលើកទឹកចិត្តខ្លាំងដល់ក្មេងៗជំនាន់ក្រោយពិសេសអ្នកដែលមានឆន្ទៈខ្ពស់ជាមួយតេក្វាន់ដូ ITF ។ លោក កែវ សំណាង ដែលជាគ្រូបង្វឹកនៅក្លឹបខេត្តកោះកុង បានឲ្យដឹងថា ការចុះមកជួយបង្ហាត់ដល់ក្មេងៗរយៈពេល២ថ្ងៃរបស់ម្ចាស់មេដាយពិភពលោក ប៉ាល់ ជីវ័ន ធ្វើឲ្យសិស្សៗមានការសប្បាយចិត្ត និងកោតសរសើរចំពោះសមត្ថភាពលោកជាខ្លាំង ។
ភាពច្បាស់លាស់លើបច្ចេកទេសមេគុន បច្ចេកទេសប្រយុទ្ធ និងការសម្ដែង រួមទាំងបច្ចេកទេសបង្រៀនរបស់លោក ប៉ាល់ ជីវ័ន គឺពិតជាល្អសិស្សពេញចិត្តជាខ្លាំង។ ម្នាក់ៗមានទឹកចិត្តកាន់តែខ្លាំងលើការខំប្រឹងប្រែងហ្វឹកហាត់ដោយខ្លួនឯង និងព្យាយាមយកគំរូតាមគ្រូជម្រើសជាតិកម្ពុជាខាងលើនេះទៀតផង។ នេះជាការលើកទឹកចិត្ត និងជំរុញជាខ្លាំងដល់យុវជននៅខេត្តកោះកុងដែលកំពុងហាត់តេក្វាន់ដូ ITF ។
ជាមួយគ្នានេះដែរលោក កែវ សំណាង បានថ្លែងអំណរគុណដល់ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធដែលតែងតែផ្ដល់ឱកាសដល់ក្លឹបតេក្វានដូខេត្តកោះកុងបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នានាកន្លងទៅ និងថ្លែងអំណរគុណដល់លោក ប៉ាល់ ជីវ័ន គ្រូជម្រើសជាតិ និងកីឡាករជម្រើសជាតិទាំង៣រូបដែលបានឆ្លៀតពេលទៅបង្ហាត់ពង្រឹងសមត្ថភាពយុវជនខេត្តកោះកុងរយៈពេល២ថ្ងៃកន្លងទៅនេះ ។
លោក កែវ សំណាង មិនភ្លេចអរគុណនោះឡើយចំពោះការយកចិត្តទុកដាក់ និងការផ្ដល់ភាពកក់ក្ដៅរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានសមាគមតេក្វាន់ដូ ITF ខេត្តកោះកុង ដែលតែងតែជួយទំនុកបម្រុងដល់ការហ្វឹកហាត់ការចេញទៅប្រកួតនៅភ្នំពេញកន្លងទៅ ។
សូមបញ្ជាក់ដែរថា លោក កែវ សំណាង តំណាងក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង បានអញ្ចើញលោក ប៉ាល់ ជីវ័ន និងកីឡាករជម្រើសជាតិ ៣រូបទៅជួយបង្ហាត់ពង្រឹងសមត្ថភាពរយៈពេល ២ថ្ងៃគឺកាលពីថ្ងៃទី១៤ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២៤ ៕