រាជធានីភ្នំពេញ ៖ 

 រថយន្តធុនត្រាមួយគ្រឿង បើកលឿនដូចហោះ បានជ្រុលចង្កូតទៅបុករថយន្តព្រូសមួយគ្រឿងនិងជ្រុលទៅបុកចូលផ្ទះសិប្បកម្មអ៊ីណុក មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន២. ខណ្ឌមានជ័យ. រាជធានីភ្នំពេញ. កាលពីវេលាម៉ោង ២និង៣០នាទី. រសៀល ថ្ងៃទី១៧ ខែកញ្ញា  ឆ្នាំ២០២៤  ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តព្រូសមួយគ្រឿង ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ2BV-4416. ដឹកប្រពន្ធនិងកូនតូច ត្រលប់មកពីប្រលែងសត្វចាបនៅមុខវាំង បម្រុងនិងត្រលប់ទៅផ្ទះវិញម្តុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១. ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំនុចកើតហេតុ ក៏មានរថយន្តធុនត្រាមួយគ្រឿង ពណ៌ស. ពាក់ផ្លាកលេខភ្នំពេញ2BP-2751 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរដោយជនជាតិចិនម្នាក់ទៀតក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើត ក្នុងល្បឿន យ៉ាងលឿន បានរេចង្កូតទៅបុករថយន្តព្រូស និងជ្រុលទៅបុករះចូលក្នុងផ្ទះសិប្បកម្មអ៊ីណុក បណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន៥គ្រឿង និង សម្ភារ:របស់ម្ចាស់ផ្ទះមួយចំនួន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី២ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើ  ដោយខាងតំណាងភាគីរថយន្តរបស់ជនជាតិចិន បានសងថ្លៃជួសជុលដល់ម្ចាស់រថយន្តព្រូស និងម្ចាស់ម៉ូតូចំនួន៥គ្រឿង និងសម្ភារៈរបស់ម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕