ខេត្តកំពង់ឆ្នាំង ៖
បុរសម្នាក់ផឹកស្រាស្រវឹង បានទាញយកសាំង២លីត្រដែលគេដាក់លក់ យកមកចាក់ដុតខ្លួនឯង ផ្អើលអ្នកស្រុក និងបណ្តាលឲ្យខ្លួនឯង រងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២និង២៥នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវកៅស៊ូ ក្នុងក្រុងស្ថិតក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សាក្សីដែលមើលឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះអង្គុយផឹកស្រាតែម្នាក់ឯង មួយសន្ទុះក្រោយមក ស្រាប់តែដើរសំដៅទៅតូបលក់សាំងក្បែរនោះ ហើយទាញយកសាំងចំនួន២ដប ស្មើនិង២លីត្រ ចាក់ស្រោចលើខ្លួនឯងចំនួន១ដប រួចដុត បណ្តាលឲ្យឆេះប្រកាច់ពេញផ្លូវ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយពន្លត់ បន្ទាប់មក បានហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ។
សមត្ថកិច្ច បញ្ជាក់ថាជនរងគ្រោះមានឈ្មោះនួន វុទ្ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិ ក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ មានប្រពន្ធកូនរស់នៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយ បានត្រឡប់មកនៅជាមួយម្ដាយរយៈពេល៥ខែ និងចេញចូលផ្ទះប្រពន្ធកូន ជាធម្មតា មិនមានបញ្ហាជាមួយគ្រួសារអ្វីឡើយ ។
យោងតាមការសន្និដ្ឋានបឋម មូលហេតុដែលបុរសរងគ្រោះ ស្រោចសាំងលើខ្លួនឯង រួចហើយដុតនោះ បណ្តាលមកពីការផឹកស្រាច្រើន សរសៃប្រសាទ ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កំពុងធ្វើការជួយសង្គ្រោះបន្ទាន់ ខណៈជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ៕