រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុន វីរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងសេចក្តី សម្រេចស្តីពីការបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅសាលប្រជុំនាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអញ្ជើញចូលរួមពីតំណាងគ្រប់ភាគីពាក់ព័ន្ធជាច្រើនរូបទៀត ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការរៀបចំអភិរក្ស និងអភិវឌ្ឍយុទ្ធគុនខ្មែរបុរាណ តាមរយៈការរៀបចំការប្រកួត និងចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរឡើងវិញ។ គោលដៅនៃការសិក្សាស្រាវជ្រាវចងក្រងឡើងវិញនូវគម្ពីរយុទ្ធគុនដូនតាខ្មែរ គឺដើម្បីសង្រ្គោះវប្បធម៌យុទ្ធគុនសិល្បៈក្បាច់គុនដូនតាជាបុព្វបុរសខ្មែរផង និងបណ្ដុះការអប់រំស្មារតីស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់វប្បធម៌ជាតិផង ។ 

ពិសេសឱ្យកូនខ្មែរគ្រប់ជំនាន់មានកត្តញ្ញូ ដឹងគុនដល់យុទ្ធគុនខ្មែរបុរាណ ដែលបានរួមចំណែកដ៏ធំធេងក្នុងការថែរក្សាជាតិខ្មែរ ទឹកដីខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ យ៉ាងណាមិញ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ មានតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវចងក្រង និងអភិវឌ្ឍយុទ្ធគុនខ្មែរបុរាណ។ គួរដឹងដែរថា កម្ពុជា មានប្រភេទយុទ្ធគុនខ្មែរបុរាណជាច្រើន ដូចជា ល្បុក្កតោ, ក្រពើហា, ខ្លាក្រាប, ស្រង៉ែពេន, យុទ្ធគុនក្រមខម, គុនចំបាប់, គុនខ្មែរ, គុនដំបង, គុនដាវ, គុនលំពែង, យុទ្ធគុនទ្វារ៨, យុទ្ធគុនទ្វារ១២ និងយុទ្ធគុនផ្សេងទៀតជាច្រើន ៕