ខេត្តរតនគិរី ៖
ប្រជាពលរដ្ឋចំនួន១៥នាក់ មានអាការៈមិនស្រួលខ្លួន ដោយរាគ ក្អូត និងឈឺក្បាល ហើយ ក្រុមគ្រូពេទ្យដាក់ការសង្ស័យ ថាអាចពុលអាហារ បណ្តាលមកពីហូបសាច់គោភ្លាឆៅ ខណៈដែលពួកគាត់ កំដរបុណ្យសពអ្នកភូមិ។ ករណីប្រជាពលរដ្ឋពុលភ្លាសាច់គោឆៅនេះ បានកើតឡើងនៅវេលាម៉ោង២១.៣០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ។
តាមរបាយការណ៍បឋម របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣.០០រសៀល ពួកគាត់ដែលជាជនរងគ្រោះទាំង២៥នាក់ នៅកំដរបុណ្យសពអ្នកភូមិខាងលើហើយធ្វើសាច់គោភ្លាឆៅដើម្បីបរិភោគ។ លុះដល់ម៉ោងប្រហែល១៦.០០រសៀល ស្រាប់តែពួកគាត់មានអាការៈមិនស្រួលខ្លួន មានរោគសញ្ញាដូចជា រាគ ក្អូត និងឈឺក្បាលហើយក៏នាំគ្នាចូលមកសម្រាកនៅមណ្ឌលសុខភាពភ្នំកុក ចំនួន៥នាក់ នៅមណ្ឌលសុខភាពអូរជុំចំនួន៥នាក់ និងនៅក្នុងភូមិ៥នាក់ទៀតផងដែរ ។
ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានប្រមូលសំណាកម្ហូបអាហារ ដែលនៅសេះសល់ពីការបរិភោគរបស់អ្នកជំងឺករណីនៅសល់ ដើម្បីមកតេស្តវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងក្រុមការងារអង្កេត បានដាក់ការសង្ស័យលើការពុលរបស់អ្នកជំងឺ អាចបណ្តាលមកពីម្ហូបអាហារ ភ្លាសាច់គោឆៅ ។ ទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដានមូលហេតុជាបន្តទៀត ។
បច្ចុប្បន្ន អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុក ចំនួន០៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ ដោយក្រុមគ្រូពេទ្យ បានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និង បន្តតាមដានអ្នកជំងឺនៅក្នុងភូមិ ០៥នាក់ មានអាការៈស្រាល ៗ ផងដែរ ៕