កីឡាការិនី ស្រួង ភាវី នាពេលថ្មីៗនេះ បានចួលរួមការប្រកួតកីឡាប៊ីយ៉ាការ៉ុប ៣បាំងលំដាប់ពិភពលោក នៅប្រទេសវៀតណាម ដោយបានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឲ្យខកឱកាសទៅវគ្គផ្តាច់ព្រ័ត្រ។ ក្រោមចប់ការប្រកួតភ្លាមម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ក៏បានឆ្លៀងមកប្រទេសកម្ពុជា ដែលជាទឹកដីកំណើតដើម្បីបន្តការងារសប្បុរសធម៌របស់ខ្លួនបន្តទៀត ។

កីឡាករិនី ស្រួង ភាវី  បានថ្លែងប្រាប់តាមរយៈសារអេឡិចត្រូនិចថា សម្រាប់កិច្ចការងារសប្បុរសធម៌នេះ គឺបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដែលបានពីការប្រកួតកីឡាប៊ីយ៉ាការ៉ុប និងចំណូលផ្សេងៗ ព្រមទាំងបានផ្តល់ប្រាក់ខែដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកំពង់ក្របី ភូមិអូរចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្រាប់ផ្គត់ផ្គង់លើសម្ភារសិក្សា ដល់ក្មេងៗស្ថិតក្នុងគ្រួសារក្រីក្រ មានជំងឺផ្សេងៗ ជាពិសេសអាហារហូបចុក ព្រោះពួកគេខ្វះអាហាអាហារូបត្ថម្ភច្រើន ស្ថិតក្នុងគ្រួសារក្រីក្រ ផងដែរ ។ 

ម្ចាស់មេដាយមាសសីហ្គេមឆ្នាំ២០២៣ ដដែលបានបន្តថា ដោយមើលឃើញពីភាពលំបាកមួយចំនួនរបស់ពលរដ្ឋនៅតាមទីជនបទ និងបាននឹកឃើញកាលពីអតីតកាលរបស់ខ្លួន ដែលមានប្រវត្តជូរចត់ និងមានជីវភាពលំបាកដែរនោះ ទើបជំរុញឱ្យ រូបខ្លួនបានរួមចំណែកកម្មវិធីសប្បុរសធម៌តាមដែលអាចធ្វើទៅបាន ។ ភារី ក៏បានសំកត់ធ្ងន់ថាអ្វីដែលបានធ្វើទាំងអស់នេះកើតចេញពីការស្រឡាញ់ប្រទេសជាតិ ប្រជាជនកម្ពុជា ដែលជាកត្តាជម្រុញ ហើយក៏បានធ្វើតាមលទ្ធភាពដែលខ្លួនធ្វើបាន ។

កីឡាការិនី ដែលមានស្រុកកំណើតមកពីខេត្តត្បូងឃ្មុំរូបនេះ បានទទួលស្គាល់ថាមួយរយៈចុងក្រោយនេះ ដោយសារមានភាពមមារញឹក កិច្ចការងារផ្ទាល់ខ្លួន និងការងារសម្បុរសធម៌នៅប្រទេសកំណើតផងនោះ ទើបធ្វើឱ្យទឹកដៃប្រកួតរបស់ខ្លួនធ្លាក់ចុះ ដោយសារមិនបានហ្វឹកហាត់គ្រប់គ្រាន់។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កីឡាកររិនីរូបស្រស់ចិត្តធម៌ ស្រួង ភាវី បានប្តេជ្ញាពង្រឹងការហ្វឹកហាត់ឱខ្លាំងក្លាឡើងវិញ ដើម្បីសមត្ថភាពការប្រកួត ខណៈខ្លួនក៏រងការរិះគន់ពីអ្នកគាំទ្រនៅប្រទេសកូរ៉េខាងត្បូងផងដែរក្រោយរបូតឱកាសច្រើនលើកនៅរយៈពេលចុងក្រោយ។ ម្ចាស់ជើងឯកពិភពលោករូបនេះ អះអាងថា ពាក្យស្ដីបន្ទោសមួយចំនូននៅកូរ៉េខាងត្បូង ដោយសារពួកគាត់ចង់ឱ្យខ្លួនខ្លាំងដូចមុន ៕