រាជធានីភ្នំពេញ ៖
រថយន្តដឹកឥដ្ឋ១គ្រឿង បានរងការខូចខាតក្រពឹតរួញកាបីនទាំងស្រុង ខណៈបើកបរបំពានភ្លើងស្តុប ជ្រុលទៅបុកចំចំហៀទ្រុងរថយន្តឃ្លុបដឹកអីវាន់១គ្រឿងទៀត ពេញទំហឹង ហើយ ក៏បានបណ្ដាលឲ្យរថយន្តឃ្លុបនោះ រងការខូចខាត ផងដែរ ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ។
ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ី ជីនពីង ត្រង់ចំណុចភ្លើងស្តុបវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងខាងលើ គេបានឃើញរថយន្តទាំង២គ្រឿង ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ដោយរថយន្តដឹកឥដ្ឋម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប3A-0943 បើកបរតាមមហាវិថីស៊ីជីនពីង ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុប បានលោតពណ៌ក្រហម ប៉ុន្តែរថយន្តដឹកឥដ្ឋ មិនបានឈប់រង់ចាំនោះទេ នៅតែរំលោភភ្លើងស្តុប បន្តដំណើរទៅមុខទៀត ។
ស្របពេលនោះ ក៏បានជ្រុលទៅបុកចំ ចំហៀងទ្រុងនិងកាប៊ីនរបស់រថយន្តឃ្លុបដឹកអីវាន់១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកណ្ដាល3A-2132 ដែលកំពុងបើកបរតាមផ្លូវបេតុងចេញពីវត្តជន្លង់ម្លូ ពីលិចទៅកើតក្នុងអាទិភាពភ្លើងស្តុបខៀវ បណ្ដាលឲ្យក្រពឹតរួញកាប៊ីនខ្លួនឯង ចំណែករថយន្តឃ្លុប ខូចខាតឃ្លុបនិងកាប៊ីនផងដែរ ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ។ ក្រោយពេលកើតហេតុ ភាគីទាំង២ បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕