ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍ក្រុមប្រឹក្សាយោបល់» ដែលមានការចូលរួមពី លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោកសាស្ត្រាចារ្យ ហាន់ដា កាត់ស៊ូហ៊ីស្សា (Handa Katsuhisa) នៃសាកលវិទ្យាល័យកីឡា នីពប៉ុន (NIPPON) នៅប្រទេសជប៉ុន លោក នីហ្ស៊ីយ៉ាម៉ា ណាអូគី (Nishiyama Naoki) អគ្កលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសជប៉ុន នាយករង ប្រធានការិយាល័យ អនុប្រធានការិយាល័យ លោក លោក លោកស្រីជាគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង៖ ទី១.ដើម្បីទទួលបានការយល់ដឹងជាមូលដ្ឋាន នៃការក្លាយជាអ្នកប្រឹក្សាយោបល់ និងដើម្បីទទួលបានចំណេះដឹងទូទៅ និងជំនាញទំនាក់ទំនងក្លាយជាអ្នកប្រឹក្សាយោបល់ ។

ទី២. ដើម្បីព្រាងរចនាសម្ព័ន្ធក្រុមជំនួយក្នុងក្រុមប្រឹក្សាយោបល់ ដើម្បីព្រាងរចនាសម្ព័នក្រុមជំនួយក្នុងប្រឹក្សាយោបល់ ។ ទី៣.ដើម្បីអភិវឌ្ឍន៍សាកលវិទ្យាល័យដែលមានបុគ្គលិគ គ្រូឧទ្ទេស និងគរុនិសិ្សតទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម ក្នុងឱកាសនេះដែរឯកឧត្តមទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងការជួយបណ្តុះបណ្តាលគរុសិស្ស គរុនិសិ្សតលើមុខវិជ្ជាអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍនវិស័យអប់រំកាយ និងកីឡា និងកំណែទម្រងស៊ីជម្រៅការងារអប់រំកាយ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្សឱ្យក្លាយទៅជាសរសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត ។ 

ឯកឧត្តម ព្រំ ប៊ុណ្ណយី  ទីប្រឹក្សាក្រសួងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលជាដៃគួដ៏សំខាន់ក្នុងការអនុវត្តគម្រោងដោយផ្តោតលើការអភិឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្រុមការងារ និងសិក្ខាកាមទាំងអស់ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ ក្នុងការចូលរួមវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ។ សូមបញ្ជាក់ថា វគ្គសិក្ខាសាលនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៤ដោយ មានសិក្ខាកាមចូលរួមសរុបចំនួន១៤នាក់ ស្រី៥នាក់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕