សង្កេតឃើញថាតារាសម្តែង និងពិធីករ លោក សេង មង្គល មួយរយៈចុងក្រោយនេះហាក់មានការរយាលពីវិថីសិល្បៈ ប៉ុន្តែទោះជាយ៉ាងនេះក្តី មហាជននៅតែមានការចាប់អារម្មណ៍ទៅលើតារាប្រុសរូបនេះ ដោយលោកតែងតែមានការបង្ហោះរូបភាពដ៏ស្រស់សង្ហា នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនជានិច្ច ។
ជាការពិតណាស់ ត្បិតថាមានការស្ងប់ស្ងាត់ពីសិល្បៈក៏ពិតមែន ប៉ុន្តែលោក សេង មង្គល ហាក់កាន់តែទទួលបានប្រជាប្រិយភាពឥតឈប់ឈរទៅវិញ និងកំពុងធ្វើមហាជនជាច្រើនធ្លាក់ក្នុងរណ្តៅស្នេហ៍របស់លោក ជាពិសេសមិត្តនារីៗ ពីព្រោះតារាប្រុសរូបនេះ តែងតែបង្អួតរាងកាយដ៏រឹងមាំ ជាមួយសាច់ដុំកង់ៗយ៉ាងហាប់ណែនស័ក្តិសមជាបុរសដើមទ្រូង 5 ហត្ថពិតៗ។ ដោយឡែក កាលពីពេលថ្មីៗនេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានបង្ហោះសារអមជាមួយរូបភាព ក្នុងន័យសប្បាយបន្លំទុក្ខ យ៉ាងដូច្នេះថា “សើចនិងយំឮសំឡេងខ្លាំងដូចគ្នា ចុះហេតុអ្វីសើចពីរោះជាងយំ...??? #ជិតដល់ថ្ងៃពិសេសហើយ #សេងមង្គល” នៅក្នុងសំណេរនោះទៀតសោត លោកក៏បានឱ្យអ្នកគាំទ្រជួយបញ្ចេញមិតិប្រាប់ទាក់ទងនឹងអារម្មណ៍ដែលបានបង្ហាញនេះថែមទៀតផង ។
យ៉ាងណាមិញបន្ទាប់ពីមហាជនបានឃើញសំណេរអមជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់តារាសាច់ដុំរូបនេះភ្លាម ស្រាប់តែពួកគេនាំគ្នាចូលទៅបញ្ចេញមតិព្រោងព្រាតដោយលើកឡើងស្រដៀងៗគ្នាថា សំឡេងសើចនិងយំមិនដូចគ្នាទេ សំឡេងសើចបញ្ជាក់ពីការសប្បាយចិត្តនឹងរឿងអ្វីមួយ ចំណែកឯសំឡេងយំបញ្ជាក់ពីការកើតទុក្ខឬបាត់បង់អ្វីមួយ ។ ទោះបីជាមិនមានការបញ្ជាក់យ៉ាងជាក់លាក់ពីលោក សេង មង្គល នូវពាក្យពេចន៍ខាងដើមនេះក៏ពិតមែន ប៉ុន្តែលោកអាចនឹងមានរឿងអ្វីមួយចង់ពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្ររបស់ខ្លួនជាក់ជាពុំខាន ៕