ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ នឹងត្រូវដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ដែលទទួលធ្វើជាម្ចាស់ផ្ទះមានដូចជា ខេត្តកំពង់ឆ្នាំង កែប ស្វាយរៀង និងខេត្តព្រះសីហនុ ។
ឯកឧត្តមរដ្ឋលេខាធិការបានពន្យល់ថា ខេត្តចំនួន៤នេះនឹងត្រូវៀបចំរត់ភ្លើងគប់ ដើម្បីឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥ រួមមាន៖ ទី១.កីឡារស់នៅក្នុងសន្តិភាពនៅតែបន្ត ទី២.ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយមុខប្រចាំជីវិត ទី៣.កីឡាគ្មានផ្សែងបារី ទី៤.កីឡាគ្មានគ្រឿងញៀន និងទី៥. កីឡាគ្មានសារធាតុដូពីង និងកីឡាបៃតង ។
ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា កម្មវិធីរត់ភ្លើងគប់ផ្សព្វផ្សាយនៅខេត្តទទួលធ្វើជាម្ចាស់ផ្ទះ មុនព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និងជនពិការលើកទី២នេះ គឺដើម្បីចូលរួមអបអរសាទរនៃពិធីបើកការប្រកួតកីឡាជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្កើតនូវនិមិត្តរូប នៃភាពជោគជ័យ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ ។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កម្មវិធីរត់ភ្លើងគប់ក្នុងខេត្តទទួលធ្វើជាម្ចាស់ផ្ទះកីឡាជាតិលើកទី៤នេះ នឹងត្រូវចាប់ផ្តើម នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ ដោយចាប់ពីខេត្តស្វាយរៀង ខេត្តទី២ កែប ខេត្តទី៣ ព្រះសីហនុ និង ខេត្តចុងក្រោយ គឺខេត្តកំពង់ឆ្នាំង នាអំឡុង ខែតុលា កៀកនឹងការប្រារពព្រឹត្តិការណ៍កីឡាជាតិតែម្តង ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ គ្រោងចាប់ផ្តើមពីថ្ងៃទី២៩ ខែ តុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំពោះការរត់ភ្លើងគប់ថ្ងៃពិធីបើកកីឡាជាតិនឹងចាប់ផ្តើមពីខេត្តកណ្តាល ស្ថិតនៅចំណុចកន្លែងពិធីបើកព្រែកជីកហ្វូណនតេជោ រហូតដល់ពហុកីឡដ្ឋានតែម្តង ៕