ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំវេទិកាការីនិពន្ធស្តីអំពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ” និងប្រកាសបើកកម្មវិធីប្រកួតប្រជែងការផលិតមាតិកាពហុមេឌាក្រោមប្រធានបទ «ពង្រឹងការសន្សំសម្រាប់គ្រួសារកម្ពុជា» កាលពីព្រឹកថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2024 នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៌មាន និងឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីប្រធានសមាគមធានារ៉ាប់រងកម្ពុជា នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា ការីនិពន្ធអ្នកសារពត៌មាន អ្នកផលិតមាតិកា និស្សិតផ្នែកសារពត៌មាននិងផ្នែកពាក់ព័ន្ធនានា ប្រមាណជា 120 នាក់ផងដែរ ។ 

វេទិកាការីនិពន្ធនេះរៀបចំឡើងមកក្នុងគោលបំណងប្រមូលផ្តុំអ្នកសារព័ត៌មាន អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាដើម្បីពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍ និងលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់រយៈពេលវែងក្នុងក្រុមគ្រួសារកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៌មាន បានមានប្រសាសន៍ដ៏មានអត្ថន័យពាក់ព័ន្ធនឹងតួនាទីដ៏សំខាន់ក្នុងនាមជាអ្នកសារពត៌មានយ៉ាងដូច្នេះថា “ប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ ពិតជាដើរតួនាទីយ៉ាងសំខាន់ មិនថាស្ថិតនៅក្នុងយុគសម័យណានោះទេ គឺដើម្បីបញ្ជ្រាបចំណេះដឹងនិងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើប្រធានបទដែលមានលក្ខណៈបច្ចេកទេសជាច្រើន ជាក់ស្តែងដូចនៅក្នុងអង្គវេទិកានេះទាំងមូល ។ 

ឯកឧត្តមក៏បានបន្តទៀតថា ថ្វីត្បិតនៅតាមបណ្តាប្រទេសមួយចំនួនបានឈានមុខនៅក្នុងក្របខណ្ឌអក្ខរកម្មហិរញ្ញវត្ថុនេះក្តី ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជានៅមិនទាន់ហួសពេលនោះទេក្នុងការចាប់ផ្តើមបង្កើនការរាយការណ៍ និងបង្កើតមាតិកាទាក់ទងនឹងអក្ខរកម្មហិរញ្ញវត្ថុនេះ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកសារពត៌មាន អ្នកផលិតមាតិកា និងសាធារណៈជន ឱ្យចូលរួមដាក់ស្នាដៃរបស់ខ្លួននៅក្នុងការប្រកួតប្រជែងការផលិតមាតិកាហុមេឌាក្រោមប្រធានបទ “ពង្រឹងការសន្សំសម្រាប់គ្រួសារកម្ពុជា” ឱ្យបានច្រើន ដើម្បីជាភ្លើងបំភ្លឺផ្លូវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ និងរឹងមាំ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការចង្អុលបង្ហាញអំពីរឹសគល់នៃបញ្ហា និងដំណោះស្រាយដ៏សមស្របជាដើម ។

គួរំលឹកថា៖ កម្មវិធីប្រកួតប្រជែងការផលិតមាតិកាពហុមេឌាក្រោមប្រធានបទ “ពង្រឹងការសន្សំសម្រាប់គ្រួសារកម្ពុជា” មានការរៀបចំឡើងមកដោយ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលមានការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បាននឹងកំពុងចាប់ផ្តើមទទួលការដាក់ស្នាដៃចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ និងប្រកាសជ័យលាភីនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ2024 ខាងមុខនេះ ជាមួយនឹងទឹកប្រាក់សរុបរហូតដល់ 8.5 លានរៀល ដោយជ័យលាភីលេខ1 ទទួលបាន 3.5 លានរៀល ជ័យលាភីលេខ 2 ទទួលបាន 2.5 លានរៀល ជ័យលាភីលេខ 3 ទទួលបាន 1.5 លានរៀល និងជ័លាភីលេខ 4 ទទួលបាន 1 លានរៀល ៕