សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានអញ្ជើញអ្នកជំនាញផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណថ្នាក់មូលដ្ឋានជំនាន់ទី២ ដោយប្រើប្រាស់ថវិកាផ្ទាល់ប្រធានសហព័ន្ធ ដោយវគ្គរៀបចំឡើងនៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាចុងសប្ភាហ៍កន្លងមក ។ 

លោកស្រី អេមី ជាអគ្គលេខាធិការសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានមានប្រសាសន៍ ថាការសិក្សានាពេលនេះសម្រាប់សហព័ន្ធគឺជាលើកដំបូង ដូច្នេះសិក្ខាកាមនឹងយល់កាន់តែច្បាស់បន្ថែមទៀត ដើម្បីឲ្យពួកគាត់ជៀសវាងការប្រើប្រាស់សារធាតុដែលត្រូវហាមឃាត់ ពីព្រោះប្រភេទកាយវប្បកម្មធ្លាប់ជួបផលពិបាកជាច្រើននៃសារធាតុនេះ។ លោកស្រីសង្ឃឹមថា ក្រោយពីបានសិក្សាលើកនេះទំាងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មអាចជៀសផុសពីសារធាតុទំាងនេះ និងយកចំណេះដឹងទំាងនេះទៅផ្សព្វផ្សាយដល់ក្លឹបកីឡាកីឡាកាយវប្បកម្មជាក់ជាមិនខាន់ឡើយ​។  

កីឡាករ ឃូ ឃាងហ៊ុយ ម្ចាស់មេដាយមាសនៃការប្រកួត កីឡាកាយវប្បកម្ម និងកាយសម្បទាអាស៊ានលើកទី៥៦ នៅម៉ាឡេស៊ីបានលើកឡើងថា ក្នុងនាមកីឡាករកាយវប្បកម្មកម្ពុជាមួយរូប លោកពិតជាសប្បាយណាស់ដែលប្រធាន និងលោកស្រីអគ្គលេខាធិការបានអញ្ជើញលោកគ្រូផ្នែក ដូពីន(Doping) មកបង្រៀនពួកយើង ហើយនេះជាលើកទី១ហើយ ដែលយើងបានសិក្សាវគ្គ Doping ។ វគ្គនេះមានសារសំខាន់ និងអត្ថប្រយោជន៍សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្ម ដើម្បីឲ្យប្រភទកាយវប្បកម្មមានការរីកចម្រើនកាន់តែខ្លាំង ។

គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី២  ឆ្នាំ២០២៤នេះ ដោយមានសិក្ខាកាមចូលរួមសរុប ៤០ នាក់ ក្នងនោះមាននារី ៤ នាក់មកពីបណ្តាក្លឹបជាសមាជិក។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីខែកញ្ញារហូតដល់ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ ។ 

លោកប្រធានសហព័ន្ធក៏បានបញ្ជាក់ថា ការសិក្សាអស់រយៈពេល ៣៥ ថ្ងៃ វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋានជំនាន់ទី២នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់ ៕