លោក Felix Dalmas សោកស្តាយដែលក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2027 ក្រោយចាញ់ស្រីលង្កា ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-២។ គ្រូបង្វឹកអាហ្សង់ទីន ថាគោព្រៃសមនឹងឈ្នះស្រីលង្កា និងសុំចិត្តអ្នកគាំទ្រ កុំរិះគន់ និងដាក់សម្ពាធឱ្យកីឡាករ ស្របពេលពួកគេប្រឹងប្រែងអស់លទ្ធភាពទៅហើយ ។
ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង ១៤ ០០០នាក់ ក្នុងការប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១០ ខែកញ្ញា ខ្សែប្រយុទ្ធ Oliver James ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវស្រីលង្កានៅនាទី៣៨។ លទ្ធផល ១ទល់និង០ បន្តរហូតបញ្ចប់វគ្គទី១ ។ ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការបាន៦នាទី ខ្សែបម្រើឆ្នើម ញាន សុស៊ីដាន បញ្ចប់ទីយ៉ាងល្អ ដើម្បីជួយកម្ពុជាតាមស្មើ ១-១ វិញ។ ទាំងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវស្រីលង្កា សុទ្ធតែលេងដោយប្រុងប្រយ័ត្នរៀងខ្លួន ពោលគឺមិនសូវវាយសម្រុកគ្នាខ្លាំងនោះឡើយ ហើយលទ្ធផលស្មើគ្នានេះបន្តរហូតបញ្ចប់៩០នាទី ។
ក្រុមទាំងពីរតម្រូវឱ្យបន្តប្រកួតនៅម៉ោងបន្ថែម ១៥នាទីពីរដង។ នៅម៉ោងបន្ថែមលើកទី១ នៅនាទី៩៩ ខ្សែបម្រើ សុះ ស៊ូហាណា បានសម្រេចគ្រាប់នាំមុខឱ្យគោព្រៃវិញ មុនពេលក្រុមដឹកនាំដោយលោក Felix បង្កើតឱកាសជាច្រើនលើកបន្តបន្ទាប់ទៀតបន្ថែធ្វើមិនបានសម្រេច។ ជារឿងគួរសោកស្តា គ្រាប់បាល់ដ៏អស្ចារ្យរបស់ សារ ទី មិនត្រូវបានលោកអាជ្ញាផ្តល់ឱ្យឡើយ មុនពេល Claudio Matthias រកបានគ្រាប់តាមស្មើ ២-២ ឱ្យស្រីលង្កា នៅចុងម៉ោង នាទី១២០+២ ។
ដោយសារជើងទី១ នៅដីស្រីលង្កាស្មើគ្នា ០-០ និងសរុបទាំងពីរជើង ២-២ ក្រុមទាំងពីរត្រូវឈានដល់វគ្គកាត់ក្តីប៉េណាល់ទីដើម្បីសម្រេចរកមួយក្រុមឡើងទៅវគ្គចែកពូល ពានរង្វាន់ទ្វីបអាស៊ី ឆ្នាំ ២០១៧ នៅអារ៉ាប៊ីសាអូឌីត។ កីឡាករ Nick Taylor និង អ៊ន ចាន់ប៉ូលីន សុទ្ធតែខកឱកាសទាត់បញ្ចូលទីរៀងខ្លួន ខណៈកម្ពុជា ចាញ់ ស្រីលង្កា ក្នុងលទ្ធផល ៤-២ ។ មិនអាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2027 លោក Felix មិនបន្ទោសកូនក្រុមឡើយ ហើយថែមទាំងមានមោទកភាពចំពោះកីឡាករខ្លួនថែមទៀត។ នៅក្នុងសន្និសីទក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានសុំចិត្តអ្នកគាំទ្រគោព្រៃកុំដាក់សម្ពាធឱ្យកីឡាករខ្លួន ព្រោះពួកគេសុទ្ធតែបង្ហាញការខំប្រឹងប្រែង ។
ក្រោយការប្រកួតវគ្គជម្រុះ play-off គេបានរកឃើញ៣ក្រុមបន្ថែមទៀត ដែលរួមមាន ស្រីលង្កា ព្រុយណេ និងទីម័រខាងកើត ទៅបង្គ្រប់ ២៤ក្រុមនៅវគ្គចែកពូល AFC Asian Cup 2027 ។ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលបាត់មុខពីវគ្គចែកពូលដែលផ្តើមការប្រកួតនៅឆ្នាំ ២០២៥ ៕