បើនិយាយពីតារាចម្រៀងដែលកំពុងទទួលបានការចាប់អារម្មណ៍នៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន ច្បាស់ណាស់ថា អ្នកគាំទ្រវិស័យតន្ត្រីនឹងនឹកដល់តារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យ ហ្វឺជី កាហ្សិ ជាក់ជាពុំខាន។ មុននឹងក្លាយជាតារាចម្រៀងល្បីឈ្មោះដូចសព្វថ្ងៃនេះ ហ្វឺជី កាហ្សិ ត្រូវបានគេស្គាល់តាមរយៈវីដេអូការលេងព្យាណូនិងច្រៀងនៅក្នុងឆាណែលយូធូបផ្ទាល់ខ្លួន ពោលគឺមានការទស្សនារហូតដល់ទៅ 30 លានដង ដែលកាលនោះលោកមានអាយុត្រឹមតែ12ឆ្នាំប៉ុណ្ណោះ ។ 

យ៉ាងណាមិញបន្ទាប់ពីមានភាពល្បីល្បាញតាមរយៈវីដេអូខាងលើរួចមក ហ្វឺជី កាហ្សិ ក៏បានផ្អាកការលេងតន្ត្រីមួយរយៈដោយផ្តោតទៅលើការសិក្សាវិញកាលពីអំឡុងរៀនថ្នាក់វិទ្យាល័យ ប៉ុន្តែក្រោយពេលរៀនចប់ ហ្វឺជី កាហ្សិ ក៏ងាកមកចាប់ផ្តើមលេងតន្ត្រីម្តងទៀត។ លុះមកដល់ឆ្នាំ 2017 ហ្វឺជី កាហ្សិ បានចាប់ផ្តើមបង្ហោះវីដេអូនៅក្នុងឆាណែលយូធូបរបស់ខ្លួនឡើងវិញ ហើយនៅពេលនោះដែរ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតមានផលិត ហេនរីខត(Hehn Records) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យូនីវើលសលម្ញូសិកចាផេន(Universal Music Japan) បានទាក់ទងដើម្បីធ្វើជាសិល្បករប្រចាំផលិតកម្មនោះ ប៉ុន្តែត្រូវបានឪពុករបស់គេបដិសេធជាច្រើនដង។ ដោយមានការទាក់ទងមកជាញឹកញាប់ពីអ្នកតំណាងផលិតកម្ម ហេនរីខត(Hehn Records) ឪពុករបស់គេក៏បានអនុញ្ញាតឱ្យចូលច្រៀងនិងចុះកុងត្រាតែម្តង។ បន្ទាប់ពីក្លាយជាសិល្បករពេញសិទ្ធនៅក្នុងផលិតកម្មខាងលើ ហ្វឺជី កាហ្សិ បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាចម្រៀងទោលនៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ2019 និងបានបញ្ចេញបទចម្រៀងមួយដែលមានចំណងជើងថា ណាន់ណាន់ ‘何なんw (Nan Nan)’ និងបន្តដោយបទទីពីរដែលមានចំណងជើងថា មូអេវ៉ា ‘もうええわ ’ បញ្ចេញនៅក្នុងខែធ្នូឆ្នាំដដែល។ ក្រោយមកនៅអំឡុងឆ្នាំ 2020 ហ្វឺជី កាហ្សិ បានបញ្ចេញអាល់ប៊ុមចម្រៀងដំបូងរបស់ខ្លួនដែលមានឈ្មោះថា ហែបអេវើហឺតនេវើ(ហេន) ‘HELP EVER HURT NEVER’ (HEHN)’។ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ និងមានចំនួនអ្នកចុចស្តាប់និងស្ទ្រីមមីងខ្ពស់បំផុត ក៏បានធ្វើឱ្យអាល់ប៊ុមចម្រៀងមួយនេះបានជាប់លេខ1 នៅលើតារាង Billboard JAPAN HOT ALBUMS chart  ។

គួររំលឹកថា ហ្វឺជី កាហ្សិ មិនត្រឹមតែមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានឈ្មោះបោះសម្លេងដល់ក្រៅប្រទេសផងដែរ ដោយភាគច្រើនគេស្គាល់តារាចម្រៀងរូបនេះតាមរយៈបទ ‘Shinunoga E-Wa’  ដែលជាបទចម្រៀងមានការ Viral ខ្លាំង នៅក្នុង TikTok កាលពីឆ្នាំ2022។ ជាមួយគ្នានេះ បទ‘Matsuri’ ក៏ជាបទមួយផងដែរ ដែលមានភាពល្បីរន្ទឺខ្លាំង នៅក្នុងបណ្តាញសង្គម TikTok ៕