យោងតាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា នឹងមានការរៀបចំផ្ទាំងទស្សនីយភាពខ្មែរនូវទម្រង់សិល្បៈល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលមានការរៀបចំឡើងមកដោយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប គាំទ្រដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ខ្មែរ ។
បន្ថែមពីលើការបង្ហោះនេះ ក៏បានឱ្យដឹងទៀតថា ការសម្ដែងផ្ទាំងទស្សនីយភាពល្ខោននិយាយនេះ នឹងសម្តែងជូនទស្សនារយៈពេលពីរថ្ងៃ គឺនៅថ្ងៃសៅរ៍ និង អាទិត្យ ១១ រោច - ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ - ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ ជាមួយគ្នានេះ សម្រាប់ការអញ្ជើញចូលរួមរបស់បងប្អូន គឺអាចចូលរួមទស្សនាបានដោយសេរី ដូចនេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីគាំទ្រដល់សិល្បករ-សិល្បការិនីរបស់យើង ជាងនេះទៅទៀតនោះ អ្នកទាំងអស់គ្នាក៏ជាផ្នែកមួយក្នុងការទ្រទ្រង់ទម្រង់សិល្បៈខ្មែរឱ្យរស់រានមានជីវិតបន្តផងដែរ ដូចពាក្យចាស់ពោលថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ៕