កាលពីថ្ងៃទី 18 ខែកញ្ញា កន្លងទៅនេះ តារាចម្រៀង និងសម្តែង អាយយូ (IU) បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន 225 លានវ៉ុននៅក្នុងថ្ងៃគម្រប់ខួបនៃការបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសិល្បការិនីរបស់នាង។ ការបរិច្ចាគនេះ គឺជាផ្នែកមួយជួយដល់ក្មេងៗដែលកំពុងកើតមានជំងឺកម្រ ការផ្តល់ជាទឹកដោះគោ និងការជួយផ្លាស់ប្តូរជណ្តើរយន្តចាស់ៗនៅក្នុងមជ្ឈមណ្ឌលជនពិការជាដើម ។
យ៉ាងណាមិញ ការបរិច្ចាគនេះចាត់ទុកជាទំនៀមទំលាប់របស់តារាស្រីរូបនេះទៅហើយ ពោលគឺនាងតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ផ្សេងៗ មិនថាតែក្នុងថ្ងៃគម្រប់ខួបនៃការបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសិល្បការិនីរបស់នាងនោះទេ គឺជានិច្ចជាកាលនាងតែងតែធ្វើការបរិច្ចាគនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជា ការប្រារព្ធទិវាកុមារ និងការឈប់សម្រាប់នៅចុងឆ្នាំជាដើម ដើម្បីជាការតបស្នងក្តីស្រឡាញ់ដែលអ្នកគាំទ្រមានចំពោះនាង។ ដោយឡែកកាលពីឆ្នាំមុន នាងបានបរិច្ចាគជាទឹកប្រាក់ចំនួន 200 លានវ៉ុន នៅក្នុងថ្ងៃខួបកំណើតរបស់នាង ដល់អង្គការផ្សេងៗ រួមទាំងអង្គការដែលមានការជួយសង្គ្រោះដល់កុមារមានបញ្ហាត្រចៀកពាក់ព័ន្ធនឹងការស្តាប់ថែមទៀតផង ។
គួររំលឹកផងដែរថា៖ តារាចិត្តសប្បុរសរូបនេះ នឹងធ្វើការប្រគុំតន្ត្រីធ្វេនធីធ្វេនធីហ្វ័រអាយយូហេរឺវើលធួខនស៊ើតអ៊ែនខ័រឌឹវីននីង (2024 IU HEREH WORLD TOUR CONCERT ENCORE: THE WINNING) ចាប់ពីថ្ងៃទី 21-22 ខែកញ្ញា ឆ្នាំ 2024 នៅ ស៊ូលវើលខាប់ស្ទេឌាម(Seoul World Cup Stadium) ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយនាងគឺជាសិល្បការិនីដំបូងបង្អស់ដែលបានធ្វើការប្រគុំតន្ត្រីនៅទីនោះ ៕