កាលពីពេលថ្មីៗនេះ ផលិតកម្ម អេសអឹមអ៊ិនធើធេនមែន (SM Entertainment) បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការចូលបម្រើយោធារបស់ ជេយ៉ុន (Jaehyun) សមាជិកក្រុម អិនស៊ីធី (NCT) ថា តារាប្រុសរូបនេះនឹងចូលបម្រើកងទ័ព នៅថ្ងៃទី 4 ខែវិច្ឆិកា ខាងមុខនេះហើយ ដោយមានលិខិតបញ្ជាក់ពីការទទួលស្គាល់របស់កងទ័ពប្រទេសកូរ៉េខាងត្បូងផងដែរ។ ជាមួយគ្នានេះ ជេយ៉ុន (Jaehyun) នឹងមិនមានសកម្មភាពអ្វីទាំងអស់ជាមួយអ្នកគាំទ្ររបស់ខ្លួន ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅរហូតដល់ថ្ងៃចូលក្រុមទាហាន ដើម្បីការពារការកើតមានឧប្បត្តិហេតុជាយថាហេតុ ។
យ៉ាងណាមិញ នៅអំឡុងខែសីហាកន្លងទៅនេះ ជេយ៉ុន បានបញ្ចេញអាល់ប៊ុមដំបូងរបស់ខ្លួនរួចមកហើយដែលមានឈ្មោះថា J ព្រមជាមួយចំណងជើងបទចម្រៀង ស្មូក (Smoke) និង ខ្សែភាពយន្តរឿង យូវីលដាយអ៊ីនស៊ិកអៅវើ (You Will Die in 6 Hours) ដើម្បីទុកជាចំណងដៃចុងក្រោយមុននឹងតារាប្រុសរូបនេះចូលបំពេញកាតព្វកិច្ចយោធាឱ្យប្រទេសកូរ៉េខាងត្បូង ៕