បើនិយាយពីប្រវត្តិនៃការតស៊ូនៅក្នុងវិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់ថាអ្នកស្នេហាវិស័យមួយនេះនឹងដឹងច្បាស់ជាក់ជាពុំខានថាជា កញ្ញា អ៊ិន លក្ខិណា។ ត្បិតថាមានបទពិសោធនៅក្នុងវិស័យមួយនេះយ៉ាងក្រាស់ក្រែលក៏ពិតមែន ប៉ុន្តែរាល់ពេលប្រកួតកញ្ញាមិនដែលទទួលបានមកុដឯកពីកម្មវិធីទាំងនោះឡើយ ដោយបានត្រឹមលំដាប់រងប៉ុណ្ណោះ។ យ៉ាងណាមិញបើក្រឡេកទៅមើលកម្មវិធីប្រកួតសម្រស់ដែល កញ្ញា អ៊ិន លក្ខិណា បានចូលរួមកន្លងមក ក្នុងនោះមានដូចជា៖ 

1, កម្មវិធី Miss Cambodia ឆ្នាំ2019 ជាកម្មវិធីដែលមានការចូលប្រឡូកជាលើកដំបូង និងមិនទទួលបានជ័យលាភីឡើយ 

2, កម្មវិធី Miss World Cambodia ឆ្នាំ2019 ទទួលបានជ័យលាភីលំដាប់រងទី1

3, កម្មវិធី Miss Grand Cambodia ឆ្នាំ2021 ទទួលបានជ័យលាភីលំដាប់រងទី1 និងទទួលបានឱកាសទៅចូលរួមប្រកួត Miss Supranational 2022 នៅឯប្រទេសប៉ូឡូញ ប៉ុន្តែមិនទទួលបានជ័យលាភីត្រលប់មកវិញឡើយ 

4, កម្មវិធី Miss Grand Cambodia ឆ្នាំ2023 ដោយទទួលបានជ័យលាភីលំដាប់រងទី2 និងត្រៀមទៅចូលរួមប្រកួត Miss Cosmo 2024 នៅឯប្រទេសវៀតណាមដែលប្រព្រឹត្តទៅឆាប់ៗខាងមុខនេះ

គួររំលឹកថា បន្ទាប់ពីទទួលបានឱកាសទៅចូលរួមប្រកួតនៅឆាកអន្តរជាតិជាលើកទី2 ឃើញថា កញ្ញា អ៊ិន លក្ខិណា មានការខិតខំប្រឹងប្រែងហាត់រៀនគ្រប់ពេល មិនថាតែ Catwalk ឬ Q&A នោះទេ ព្រោះមិនចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកបំណងចំពោះការតំណាងនៅលើកនេះ។ ដូចនេះកុំភ្លេចរង់ចាំផ្តល់ជាកម្លាំងចិត្តដល់ កញ្ញា អ៊ិន លក្ខិណា ទាំងអស់គ្នា នៅក្នុងដំណើរឆ្ពោះទៅដណ្តើមមកុដនៅលើវេទិកាប្រកួតសម្រស់ Miss Cosmo 2024 ដែលមានប្រទេសវៀតណាមគឺជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ៕