តារាបង្ហាញម៉ូត និងបវរកញ្ញា ភឹម ស្រីនោ អតីតបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2023 បន្ទាប់ពីផ្ទេរតំណែងរួច មហាជនសង្កេតឃើញថាកាន់តែមានភាពលេចធ្លោ និងទាក់ទាញខ្លាំងជាងពេលទៅប្រកួតនៅលើឆាកអន្តរជាតិទៅទៀត ដោយជានិច្ចជាកាល ស្រីនោ តែងតែបង្ហោះរូបភាពស្អាតៗ និងចូលរួមនៅក្នុងវិធីផ្សេងៗជាហូរហែរ។ ដោយឡែកកាលពីពេលថ្មីៗនេះ បវរកញ្ញាកូនកាត់ខ្មែរថៃរូបនេះ ស្រាប់តែលេចវត្តមានយ៉ាងភ្ញាក់ផ្អើលនៅទឹកដីនៃប្រទេសឡាវជាមួយមិត្តចាស់រួមជំនាន់ក្នុងការប្រកួត Miss Grand International 2023 ក្នុងនោះរួមមាន កញ្ញា គិថាវ៉ា អ៊ីវេតថៈឡាណា ហ្វូស៊ូវ៉ា អាម៉ាក្វា(Kitava Yvettlana Fosuwaa Amankwaa) បវរកញ្ញាតំណាងឱ្យប្រទេសហ្គាណា2023 និងកញ្ញា ផេតម៉ានី ភីឡាខង (Phetmany Philakong) បវរកញ្ញាតំណាងឱ្យប្រទេសឡាវ2023 ។
ស្ថិតនៅក្នុងការជួបជុំនៅលើកនេះ គឺជាការជួបជុំបែបមិត្តភាព មិនមែនជាការជួបជុំបែបការប្រកួតដ៏ក្តៅគគុកនៅលើសង្វៀននៃការប្រកួតសម្រស់ដូចកាលពីឆ្នាំ2023នោះឡើយ។ យ៉ាងណាមិញ កញ្ញា ផេតម៉ានី ភីឡាខង ក្នុងនាមជាម្ចាស់ផ្ទះ បានទទួលស្វាគមន៍ កញ្ញា ភឹម ស្រីនោ និងបវរមួយរូបទៀតមកពីប្រទេសហ្គាណា យ៉ាងកក់ក្តៅផងដែរ ដោយ កញ្ញា ផេតម៉ានី បានធ្វើជាអ្នកណែនាំតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែងនៅប្រទេសឡាវទៅកាន់បវរកញ្ញាទាំងពីររូបនេះ ។
បន្ទាប់ពីឃើញវត្តមានរបស់នៃការជួបជុំរបស់ពួកគេភ្លាម ស្រាប់តែបណ្តាអ្នកគាំទ្រវិស័យប្រកួតសម្រស់ លាន់មាត់សរសើរគ្រប់ៗគ្នាតែម្តងថា ពួកគេនៅតែរក្សាបានចំណងមិត្តភាពដ៏ល្អជាមួយគ្នាដដែល ទោះបីជាពេលវេលានៃការប្រកួតរំលងផុតទៅជាងមួយឆ្នាំក៏ពិតមែន ៕