ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្លាយជាម្ចាស់ពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ និងដណ្តើមបានកៅអីមួយឡើងទៅវគ្គបន្តក្នុងពាន SEA V.League 2025 ។ ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅកាលពីយប់ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាទស្សនាផ្ទាល់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ ព្រមទាំងមន្ត្រីជាន់ខ្ពស់សហព័ន្ធជាច្រើនរូបទៀត ។
ឆ្លងកាត់ការប្រកួតអស់រយៈពេល ៤ថ្ងៃ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ និងទទួលបានកូតាដោយស្វ័យប្រវត្តិឡើងទៅប្រកួតពានរង្វាន់ SEA V.League នៅឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣សិតទល់នឹង០។ រីឯក្រុមបាល់ទះសឹង្ហបុរីដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមបាល់ទះឡាវ ដោយលទ្ធផល ៣សិតទល់នឹង១ នៅល្ងាចថ្ងៃជាមួយគ្នានោះ ។
ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តម ស សុខា សូមថ្លែងអំណរគុណដល់កីឡាករទាំងអស់ ពិសេសក្រុមការងារគ្រូបង្វឹក ដែលរួមគ្នាសាងស្នាដៃជូនជាតិមាតុភូមិនៅពេលនេះ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យលើកឆាកអន្តរជាតិនានានៅពេលខាងមុខ ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណដល់មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធនានា ដែលរួមគ្នាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតតំបន់អាស៊ានមួយនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ។ ហើយឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភនានា ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួត ដែលជាផ្នែកមួយនាំបាល់ទះកម្ពុជា ឈានជើងទៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា ក្រុមជើងឯកកម្ពុជាទទួលបានប្រាក់រង្វាន់ចំនួន ១០០លានរៀន។ ឯម៉ាឡេស៊ីដែលជាជើងឯករងទទួលបានប្រាក់រង្វាន់ចំនួន ៣០លានរៀល ខណៈសឹង្ហបុរីបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល ៕