“រំលស់ប្រពន្ធសុំបង់មុនហាសិបភាគរយ” ជាឃ្លោងឃ្លាពាក្យពេចន៍បទចម្រៀងមួយរបស់តារាចម្រៀងពន្លកថ្មី វីនត្រេប (Vin Trapz) ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា។ “រំលស់ប្រពន្ធ” ជាបទចម្រៀងបែបចង្វាក់កន្ទ្រឹមដោយបានរំលេចនូវសម្លេងឧបករណ៍ភ្លេងខ្មែរផ្សេងៗជាច្រើន ក្នុងនោះមានដូចជា សម្លេងទ្រអ៊ូ និងសម្លេងស្គរដៃ ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូបទចម្រៀងមួយនេះថែមទាំងបានបង្ហាញនូវទិដ្ឋភាពស្រុកស្រែដែលមានវាលស្រែខៀវស្រងាត់ អមជាមួយនឹងដើមត្នោត ធ្វើឱ្យវីដេអូចម្រៀងមួយនេះកាន់តែមានភាពទាក់ទាញ និងទទួលបានការលើកសរសើរពីសំណាក់មហាជនទូទៅដល់សិល្បករជំនាន់ក្រោយមួយរូបនេះថែមទៀតផង ។ 

ទន្ទឹមនឹងមតិលើកសរសើរ ក៏មានមតិរិះគន់យ៉ាងចាស់ដៃផងដែរ ទៅលើតារាចម្រៀងវ័យក្មេងម្នាក់នេះ ដោយបានលើកឡើងថា ជាបទភ្លេងដែលមានការចម្លងចេញពីប្រទេសជិតខាងទៅវិញ។ យ៉ាងណាមិញ លោក Vin Trapz ដែលជាម្ចាស់បទនេះផ្ទាល់ក៏បានបកស្រាយចំៗទៅវិញថា មិនខ្វល់ថាអ្នករិះគន់ទាំងនោះបានលឺចង្វាក់ភ្លេងប្រភេទនេះចេញពីប្រទេសណានោះទេ សំខាន់បទនេះគឺជាបទដែលលោកបានធ្វើឡើងដោយផ្ទាល់ដៃតែម្តង ទាំងបារ៉ូល ទាំង Melody ទាំងភ្លេង គឺមិនបានកាឡៃមកពីប្រទេសណាទាំងអស់ ។

គួររំលឹកថា បទចម្រៀង “រំលស់ប្រពន្ធ” របស់តារាចម្រៀងយុវវ័យ Vin Trapz រយៈពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ មានអ្នកចូលទៅទស្សនានៅលើ YouTube ចំនួនមួយលានដងហើយ និងមានអ្នកចូលលេងបទចម្រៀងមួយនេះនៅលើបណ្តាញសង្គម TikTok ជាង 18K ផងដែរ ៕