ខ្សែភាពយន្តខ្នាតធំរឿង “Vip Death Seat” បានធ្វើការសម្ភោធចាក់បញ្ចាំងហើយកាលពីថ្ងៃទី5 ខែកញ្ញាកន្លងទៅនេះ។ “Vip Death Seat” គឺជាខ្សែភាពយន្តបែបលងបន្លាច ភ័យរន្ធត់ និងព្រឺព្រួច និងជាខ្សែភាពយន្តដែលនិយាយពីដំណើររឿងរបស់តួអង្គម្នាក់ឈ្មោះ “និក” ជាកម្មករស៊ីឈ្នួលបានវិលត្រលប់ទៅលេងស្រុកកំណើត ដោយបានធ្វើដំណើរតាមរយៈឡានក្រុងជាមួយអ្នកធ្វើដំណើរផ្សងទៀត ប៉ុន្តែនៅអំឡុងពេលធ្វើដំណើរនោះស្រាប់តែមានយាយចាស់ជរាម្នាក់បានស្លាប់នៅលើឡានក្រុងភ្លាមៗ ហើយហេតុការណ៍ចម្លែកៗក៏បានកើតមានឡើងនៅអំឡុងពេលធ្វើដំណើរនោះ ។
យ៉ាងណាមិញយោងតាមរយៈសារពត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ខ្សែភាពយន្តខ្នាតធំមួយនេះក៏មានការចូលរួមសម្តែងពីកញ្ញា អេវ៉ា ប៉-វនវណ្ណ វីរៈភូជុង្គ ទាយាទម្ចាស់ធុរកិច្ចដ៏ល្បីប្រចាំប្រទេសថៃផងដែរ ដោយបានសម្តែងជាតួឯកស្រី។ កញ្ញា អេវ៉ា បានបង្ហាញអារម្មណ៍រំភើបដែលបានសម្តែងជាតួឯកស្រីជាលើកដំបូង និងបានផ្តាំផ្ញើដល់អ្នកស្រឡាញ់ចូលចិត្តកញ្ញា ឱ្យចូលរួមទស្សនាខ្សែភាពយន្តខ្នាតធំមួយនេះឱ្យបានច្រើនកុះករ។ ដោយឡែកក្រោយពេលបណ្តាអ្នកគាំទ្រកញ្ញាអេវ៉ា បានដឹងពីដំណឹងនេះ ពួកគេបានសរសើរនូវសមត្ថភាពដ៏ពូកែ និងបានផ្តល់ជាកម្លាំងចិត្តសម្រាប់ការចាក់បញ្ចាំងខ្សែភាពយន្តមួយនេះឱ្យទទួលបានជោគជ័យថែមទៀតផង ៕