មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី 13 បានធ្វើសន្និសីទសារពត៌មាននៅរោងភាពយន្ដ ហ្វាប៊ល ស៊ីណេម៉ា ហលវ័ន (Fable Cinema, Hall 1) នៅក្នុងបរិវេណនៃ ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh) ក្រោមវត្តមាននៃការអញ្ជើញចូលរួមពីលោកជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការផលិតភាពយន្តបរទេសនៅកម្ពុជា និងបណ្តាដៃគូសហការណ៍ ដៃគូផ្សព្វផ្សាយ សមិទ្ធករ ទស្សនិកជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ ។
នៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកថ្ងៃទី 21 ខែតុលា ឆ្នាំ 2024 នេះ លោក ស៊ុំ ស៊ីថែន ដែលជាស្ថាបនិកក្រុមភាពយន្ដឈូករ័ត្ន និងស្ថាបនិកមហោស្រពភាពយន្ដខ្លីចតុមុខ បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ ពិសេសជាងឆ្នាំមុនៗ ដោយមហោស្រពទទួលបានការដាក់រឿងប្រកួតប្រជែងពីសមិទ្ធករចាស់ថ្មីជាច្រើនស្នាដៃ ហើយស្នាដៃទាំងនោះបានឆ្លងកាត់ការសម្រិតសម្រាំងដោយល្អិតល្អន់ពីគណៈកម្មការ ដោយជ្រើសយករឿងដែលមានគុណភាពបំផុតដើម្បីយកទៅចាក់បញ្ចាំង។ ជាមួយគ្នានេះ បន្ទាប់ពីឆ្លងកាត់ការដាក់ពិន្ទុពីគណៈកម្មការរួចមក មហោស្រព ជ្រើសរើសបានភាពយន្តខ្លីចំនួន 5 ចំណងជើងដែលល្អផ្តាច់គេពីសមិទ្ធករក្នុងស្រុក។ ក្រៅពីនេះ ក៏មានខ្សែភាពយន្តខ្លីអន្តរជាតិមកពីប្រទេសមួយចំនួនបានដាក់ប្រកួតប្រជែងផងដែរ ក្នុងនោះរួមមានប្រទេស ហ្វីលីពីន, បែលហ្សិក, ហៃទី, បារាំង និងជប៉ុនជាដើម ។
សូមបញ្ជាក់ថា៖ មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី 13 នឹងធ្វើការចាក់បញ្ចាំងភាពយន្តខ្លីចំនួន 57 រឿង មកពី 12 ប្រទេស ចំនួន 4 ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី 25 ខែតុលា ដល់ថ្ងៃទី 28 ខែតុលា ឆ្នាំ2024 នៅតាមរោងកុននានាដូចជា លេជេន អូឡាំព្យា ម៉ល (Legend Olympia Mall), វើគស្ពេស ធូ (Workspace 2), ហ្វាប៊ល ស៊ីណេម៉ា (Fable Cinema), មេជ័រ សូរិយ៉ា (Major Sorya) និង ស៊ីណេ ហាប់ (Cine Hub)។ សម្រាប់ការអញ្ចើញចូលរួមទស្សនាគឺ ឥតគិតថ្លៃ និងសម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការដែលមានឈ្មោះថា ចតុមុខសតហ្វីមហ្វេសធីវល (Chaktomuk Short Film Festival) ៕