ការប្រកួតដើម្បីស្វែងរកស្ត្រីដ៏មានថាមពលម្នាក់ជាទូតសុច្ឆន្ទៈប្រចាស្ថាប័ន កញ្ញាឯកចក្កវាល ឬ Miss Universe លើកទី 73 កៀកនឹងមកដល់ឆាប់ៗខាងមុខនេះហើយ ដែលឆ្នាំនេះគឺ ប្រទេស ម៉ិកសិចកូ គឺជាម្ចាស់ផ្ទះ។ យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ទៅលើ អ្នកនាង ប្រាសាទ ដាវីន កញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ 2024 ដែលនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅលើវេទិកាប្រកួតសម្រស់លំដាប់ថ្នាក់លេខមួយលើពិភពលោកខាងលើនេះ ក៏បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងដំណើរឆ្ពោះទៅដណ្តើមមកុដដ៏អស្ចារ្យមួយនេះ ។  

ដោយឡែក កាលពីពេលថ្មីៗនេះ ស្ថាប័នកញ្ញាឯកចក្កវាឡកម្ពុជា 2024 បានបញ្ចេញឈុតតំណាងជាតិដ៏ល្អប្រណីត ដែលជាការដំឡើងនឹងច្នៃឈុតដោយ លោក ស្ករគ្រាប់ និង លោក ពៅ V មង្គលសំអាងការ ត្រៀមនឹងយកទៅប្រកួតប្រជែងជាមួយស្រីស្អាតមកពីជុំវិញពិភពលោកជាង 130 ប្រទេស។ យោងតាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia បានឱ្យដឹងថា ឈុតតំណាងជាតិនេះ មានឈ្មោះថា អាទិទេពនៃសម័យកណ្ដាល (God of the Middle Period)  ជាឈុតដែលបានដកស្រង់ និងច្នៃប្រតិដ្ឋចេញពីបដិមានៅក្នុងសម័យកណ្ដាល (ឬសម័យក្រោយអង្គរ ឬលង្វែក) ដែលជាសម័យកាលមួយដ៏រុងរឿងមួយបន្ទាប់ពីសម័យអង្គរ ។ 

ឈុតនេះទៀតសោត ក៏បានបង្ហាញពីអំណាច ភាពខ្ពង់ខ្ពស់នៃអាទិទេព និងសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ និងជាចម្លាក់បដិមាឆ្លាក់ពីឈើ អមដោយក្បាច់ក្បូរល្អប្រណីត អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ សម្លៀកបំពាក់ និងគ្រឿងអល្លង្ការ ពោលគឺអាចឃើញបាននៅក្នុងសារមន្ទីរជាតិ និងសារមន្ទីរអង្គរខេត្តសៀមរាប ថែមទាំងមានការចងក្រងនៅក្នុងសៀវភៅ ដែលកត់ត្រាដោយលោកស្រី មែដេលីន គីតូ (Madeleine Giteau) ផងដែរ ។

ទាំងនេះគឺជាអត្ថន័យរបស់ឈុតតំណាងជាតិរបស់កញ្ញាឯកកម្ពុជាឆ្នាំ 2024 ដែលនឹងគ្រងដោយ អ្នកនាង ប្រាសាទ ដាវីន នៅលើវេទិកាប្រកួតសម្រស់ កញ្ញាឯកចក្កវាឡ លើកទី 73 នៅឯប្រទេសម៉ិកសិចកូ ៕