ឯកឧត្តមឧត្តមសេនីយ៍ វ៉ា ស៊ិនភីរម្យ អគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជាទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសក្មពិសេស និងជាអនុប្រធានទី១សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បន្ទាប់ពីទទួលបានការអុញ្ញតពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានសហព័ន្ធផងនោះបានអញ្ជើញជូនដំណើរ និងផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ កីឡាករប្រភេទកីឡាយុទ្ធគុនចម្រុះកម្ពុជា ចេញទៅប្រកួត ក្នុងព្រឹត្តការណ៍ The 2024 AMMA Manila Open នៅទីក្រុង Manila ប្រទេសហ្វីលីពីន ។

សម្រាប់ការចេញទៅប្រកួតព្រឹត្តការណ៍ The 2024 AMMA Manila Open នៅទីក្រុង Manila ប្រទេសហ្វីលីពីន នេះគឺចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។ កម្ពុជាបានចាត់បញ្ជូល អាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី សរុបចំនួន១០រូបដោយបានចាប់ផ្ញើមចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ តែម្ដង ។

ក្នុងនាមតំណាងរបស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ វ៉ា ស៊ីន ភីរម្យ ដែលជាអនុប្រធានទី១សហព័ន្ធផងនោះ បានអញ្ជើញជូនដំណើរ លើកទឹកចិត្ត ព្រមទាំងបានផ្ដល់នូវអនុសាសន៍មួយ ដើម្បីពង្រឹងសម្ថភាពភាពត្រៀមប្រកួតប្រជែងព្រោះថា នេះគឺជាឳកាសដ៏ល្អមួយក្នុងការដុះខាត់ខាតសម្ថភាព សិក្សាស្វែងយល់បន្ថែមបំពេញនូវចំនុចខ្វះខាតមួយចំនួន ដើម្បីស្វែងប្រកួតនាំយកជ័យលាភីជូនជាតិមាតុភូមិបន្ទាប់ពីធ្វើការហ្វឹកហាត់ជាប្រចាំថ្ងៃហើយនោះ ។ហើយក៏ជាឳកាសដ៏ល្អសម្រាប់អាជ្ញាកណ្ដាលកម្ពុជាផងដែរដើម្បីក្រេបយកចំណេះជំនាញ បច្ចេកទេសរៀបចំការប្រកួត ពីព្រឹត្តការណ៍ The 2024 AMMA Manila Open នៅទីក្រុង Manila ប្រទេសហ្វីលីពីនថែមទៀតផង ។

ឯកឧត្តម វ៉ា ស៊ីន ភីរម្យ អនុប្រធានទី១សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានសង្កត់ធ្ងន់ថា ធម្មតាកីឡារមែងមានចាញ់មានឈ្នះ ហេតុនេះ សូមកីឡាករ-កីឡាការីនីទាំងអស់ប្រឹងប្រែងប្រកួតអោយអស់ពីកំលាំងកាយចិត្តដោយឈរលើគោលការ គោរពក្រមសិលធម៌ វិន័យជាកីឡាករ រក្សាបាននូវតំលៃកិត្តយសរបស់ជាតិយើង នៅលើឆាកអន្តរជាតិ តាមរយៈវិស័យកីឡាមួយនេះ ។ ជាចុងបញ្ចប់ឯកឧត្តម អនុប្រធានទី១ សហព័ន្ធក៏បានជូនពរដល់អាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី សូមទទួលបានសុខភាព សុវត្ថិភាព និងភាពជោគជ័យនៃបេសកម្មដ៏ធំសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពេលនេះផងដែរ ។

គួររំលឹកថា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាទើបតែត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធក្នុងក្របខ័ណ្ឌកីឡាមិនអូឡាំពិកនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់អាណាតទី៣ ឆ្នាំ២០២១ ឆ្នាំ២០២៥ កាលពីអំឡុងតុលា ឆ្នាំ២០២៣ តែទទួលបានលទ្ធផលផ្លែផ្កាគួជាទីមោនៈ ។ ដោយក្នុងរយៈពេលប្រមាណ១ឆ្នាំមកនេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារកបានមេដាយសរុបចំនួន ១៩គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ០១គ្រឿង មេដាយប្រាក់ចំនួន ០៦គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង ។

រកបានពីការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០២៣ នៅប្រទេសថៃ ទទួលបានមេដាយសំរិទ្ធ ០២គ្រឿង។រកបានពីការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣  នៅប្រទេសថៃទទួលបានមេដាយប្រាក់ ០១គ្រឿង និងសំរិទ្ធ ០១គ្រឿង ។រកបានពីការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា ទទួលបានមេដាយមាស ០១គ្រឿង ប្រាក់ ០៥គ្រឿង និងសំរិទ្ធ ០៩គ្រឿង ផងដែរ ។