រាជធានីភ្នំពេញ ៖
យុវជនម្នាក់ បានម៉ូតូ១គ្រឿងក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក TOYOTA ALPHARD ១គ្រឿង ដែលកំពុងបន្ថយល្បឿនទាំងប្រថុចញ៉ុចព្រោះវាក់ជាមួយម៉ូតូកង់បី១គ្រឿង បើកឆ្លងកាត់ពីខាងមុខ បណ្ដាលឲ្យរថយន្តខាងលើរងការខូចខាតបែកកញ្ចក់ក្រោយ ក្រព្រពឹតទ្វារក្រោយ និងកាងក្រោយ ចំណែកម៉ូតូក៏រងការខូចខាតដែរ ប៉ុន្តែសំណាងល្អ យុវជនដែលជាអ្នកជិះម៉ូតូខាងលើ រងរបួសស្រាលប៉ុណ្ណោះ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងរបួសស្រាលខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IK-2138 ។ ចំណែករថយន្ត១គ្រឿងម៉ាកTOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CE-8169 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ។
តាមបុរសអ្នកឃើញហេតុការណ៍ម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មានម៉ូតូកង់បី១គ្រឿង បើកឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងកាត់ពីមុខ ដែលជាហេតុធ្វើឲ្យរថយន្តនេះវាក់ ហើយ បានបន្ថយល្បឿនទាំងប្រថុចញ៉ុច ខណៈនោះស្រាប់តែយុវជនខាងលើជិះម៉ូតូក្នុងល្បឿនលឿនទៅដល់បុកពីក្រោយពេញទំហឹងតែម្ដង ។
ខណៈនោះ បណ្ដាលឲ្យយុវជនដែលជាអ្នកជិះម៉ូតូខាងលើ ហក់ផ្លោងបោកក្បាលផ្ទប់កញ្ចក់រថយន្ត រងរបួសស្រាលប៉ុណ្ណោះ ប៉ុន្តែបានបង្កឲ្យរថយន្តរងការខូចខាតបែកកញ្ចក់ក្រោយ ក្រព្រពឹតទ្វារក្រោយ និងកាងក្រោយ ហើយម៉ូតូយុវជននេះក៏បានដួលក្បែររថយន្តរងការខូចខាតផងដែរ ។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាបទី១ បានចុះទៅសម្រួលចរាចរកុំឲ្យកកស្ទះ បន្ទាប់មកភាគីទាំង២បានព្រមព្រៀងគ្នាបញ្ចប់រឿងដោយការយករថយន្តនិងម៉ូតូទៅធ្វើការជួសជុលឡើងវិញរៀងៗខ្លួន ៕