រាជធានីភ្នំពេញ ៖ 

រថយន្តស៊េរីទំនើបម៉ាក Lexus LX570 KURO មួយគ្រឿង បើកឆ្លងស្តុបផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកនិងរថយន្តម៉ាក១គ្រឿងទៀតម៉ាក មែកសឺដែស បើកឆ្លងស្តុបដូចគ្នា ចំពីមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ទី០៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវព្រះមុនីវង្សកែងផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមែកសឺដែស ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0157 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុបផ្លូវបំបែកជាបួន ។ 

ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Lexus LX570 KURO ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជា 7.1.1979 បើកបរដោយបុរសម្នាក់ចេញពីផ្លូវ១០៦ ក្នុងទិសដៅពីកើតមកលិចឆ្លងស្តុបក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកជាមួយនិងរថយន្តមែកសឺដែស ចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ហើយភ្លាមនោះដែរ ភាគីម្ចាស់រថយន្តទាំងសងខាង ក៏ចុះមកប្រកែកយកត្រូវរៀងៗខ្លួន ។

បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីម្ចាស់រថយន្តទាំងសងខាងសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ ៕