ក្រសួងអប់រំ យុវជន និងកីឡា បានដាក់៣៦ប្រភេទកីឡា លើ២៨៣វិញ្ញាសា មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្ដពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្ដោង លើកទម្ងន់ ប៊ីយ៉ា និងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម ។
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបញ្ជាក់ថា មានអត្ដពលិក៦៣ នាក់ មកពី៩ សមាគមក្រសួង/រាជធានី-ខេត្ត មានដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន។ ដោយឡែក នេះ គឺជាលើដំបូង ដែលក្រសួងការពារជាតិ ខេត្តកណ្ដាល និងខេត្តប៉ៃលិន ចូលរួមប្រកួតក្នុងវិញ្ញាសាកីឡានេះ ។
សហព័ន្ធកីឡាអុកចត្រង្គបានដាក់៤វិញ្ញាសាប្រកួត មានវិញ្ញាសា ១ទល់១ រយៈពេល៥នាទី, ១ទល់១ រយៈពេល៦០នាទី, ២ទល់២ រយៈពេល៦០នាទី និង៣ទល់៣ រយៈពេល៦០នាទី។ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កីឡានេះ មានកីឡាករ៤២នាក់ ចូលរួមប្រកួតមកពី ៧សមាគម ក្រសួង/រាជធានី-ខេត្ត មានក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កំពត ព្រះសីហនុ កំពង់ចាម បាត់ដំបង និងមណ្ឌលគីរី ។
វិញ្ញាសាកីឡានេះ នឹងត្រូវចាប់ផ្ដើមប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕