ភ្នំពេញ៖លោក Emmanuel Dias អនុប្រធានខេមរសហព័ន្ធយូដូ និងលោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជា និងគ្រូឧទ្ទេស ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម កីឡាយូដូថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល៥ថ្ងៃក្នុង ខែតុលា ឆ្នាំ២០២៤នេះ ដែលរៀបចំដោយខេមរសហព័ន្ធយូដូ នៅអាគារដំបូលទូក សាលហ្វឹកហាត់របស់ខេមរសហព័ន្ធយូដូ នៃពហុកីឡាដ្ឋានជាត់អូឡាំពិក រាជធានីភ្នំពេញ ។
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជា និងគ្រូឧទ្ទេសបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាយូដូនេះ ដោយមន្ត្រីជាសិក្ខាកាមចូលរួមសរុបចំនួន២៥ នាក់ និងសិក្ខាកាមដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀងស្តីពីការអនុវត្តន៍ថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ សម្រាប់ពន្លឿនការអភិវឌ្ឍន៍សហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាជាតិ និងអន្តរជាតិ ។
លោកបានបន្តថា ខេមរសហព័ន្ធយូដូបានរៀប ចំវគ្គបណ្តុះ បណ្ដាលលមន្ត្រីបច្ចេកទេស- អាជ្ញាកណ្ដាល-ចៅក្រមកីឡាដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត ។ ឆ្នាំនេះ មន្ត្រីជាសិក្ខាកាមបានសិក្សាល្អប្រសើរជាងឆ្នាំមុនៗ ដោយពួកគេបានអនុវត្តផ្ទាល់បានច្រើន ទើបធ្វើឲ្យទទួលបានល្អរហូតដល់៨០ ភាគរយឯណោះ។ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូថ្នាក់ជាតិ ឆ្នាំ២០២៤ នេះពិតជាមានសារសំខាន់ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យកីឡាយូដូនៅកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ។
លោក ម៉ារ វង្សវិបុល បានបញ្ជាក់ថា កីឡានីមួយៗមានច្បាប់ល្បែងរបស់វា បើយើងអ្នករៀបចំគ្រប់គ្រងព្រឹត្តិការណ៍និមួយៗមិនចេះច្បាប់ យើងទៅកាត់ក្ដី មិនអាចឈរលើ គោលការណ៍យុត្តិធម៌ បានដែរ ហើយ នឹងត្រូវទទួលការរិះគន់ពីទស្សនិកជន ជាមិនខាន ។ ការរៀនសូត្រ បង្កើនចំណេះដឹងនេះ សំខាន់ណាស់ ដូចនេះហើយបានជាសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ។
វគ្គបណ្ដុះបណ្ដាលនេះគឺជា ការធ្វើបច្ចុប្បន្នភាពកីឡា របស់យើង ឲ្យដើរទាន់គេ ទាន់ការវិវឌ្ឍន៍របស់សហព័ន្ធកីឡាអន្ដរជាតិ ។ ដូចនេះសូមឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងទាំងនេះ ទៅអនុវត្តឲ្យបានត្រឹមត្រូវ និងខិតខំស្រាវជ្រាវបន្ថែម ដើម្បីបង្កើចំណេះដឹង របស់ខ្លួនឲ្យកាន់តែប្រសើរ ។ ក្នុងនាម ជាអាជ្ញាកណ្ដាលកុំលម្អៀងខុសពីវិជ្ជាជីវៈ យើងត្រូវឈរលើស្មារតីជាអាជ្ញាកណ្ដាល ដើម្បីរក្សាកេរឈ្មោះរបស់យើង និង រក្សាកេរឈ្មោះរបស់ជាតិយើង ៕