រាជធានីភ្នំពេញ ៖ 

អតីតមន្ត្រីយោធាមានជំងឺប្រចាំកាយម្នាក់ បានលោតសម្លាប់ខ្លួនពីលើផ្ទះរបស់ខ្លួនជាន់ទី២បណ្ដាលឱ្យស្ដាប់បាត់បង់ជីវិត ។ ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃ ទី៣១ ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ០៤៩ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលបានស្លាប់ឈ្មោះ សំ ឈន ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតមន្ត្រីយោធាមានទីលំនៅផ្ទះកើតហេតុខាងលើ ។

តាមស្ត្រីឈ្មោះ សំ យ៉ុម  អាយុ៤៧ឆ្នាំ ជាបងស្រីបង្កើតជនរងគ្រោះ បានឲ្យដឹងថាប្អូនប្រុសរបស់ខ្លួនមានជំងឺប្រចាំកាយ កើតជម្ងឺទាចទឹក និងធ្លាប់ប្រើប្រាស់សារធាតុញៀន ហើយតែងតែផឹកស្រាជារៀងរាល់ថ្ងៃ។ នៅអំឡុងខែមករា ឆ្នាំ២០២៤ ប្អូនប្រុស បានលោតពីលើផ្ទះ បណ្តាលឲ្យបាក់ជើងស្ដាំ និងរបួសនៅលើខ្លួនប្រាណ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួចបានត្រឡប់មកស្នាក់នៅផ្ទះវិញ ។

តាមបងស្រី ឲ្យដឹងទៀតថានៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពេលកំពុងតែដេកស្រាប់តែអ្នកជួលបន្ទប់ក្នុងបរិវេណផ្ទះ បានស្រែកឆោឡោប្រាប់ថា ប្អូនប្រុសស្លាប់ហើយ ក៏នាំគ្នា ចេញមកមើល ឃើញស្លាប់នៅលើថ្លុកឈាមចំហៀងផ្ទះ រួចក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋាន ក៏បានរាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។ 

តាមការត្រួតពិនិត្យសពនិងកន្លែងកើតហេតុ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ហើយ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕